កម្ពុជា​រៀបចំ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦​ ជំរុញ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​តាម​បែប​ទំនើប

90

ភ្នំពេញ ៖ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រៀបចំ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦​ នៅ​ថ្ងៃទី​២២ ​ខែមករា​ នេះ ​ដើម្បី ជំរុញ ​ឲ្យ​មានការ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​ តាម​បែប​ទំនើប​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ កាត់បន្ថយ​ថ្លៃដើម​។

លោក មូល សារិទ្ធ​ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ឲ្យ​ដឹងថា ​ការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍ ​វិស័យ​ស្រូវ​អង្ករ​តាម​បែប​ទំនើប​នេះ ​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ ​មានន័យថា ​កាលពី​រយៈពេល​ប៉ុន្មាន​ឆ្នាំមុន ​ការ​ដាំដុះ​ស្រូវ​តាម​បែប​បុរាណ​ទទួល​ផល​បាន​ត្រឹម​ តែ​២៣​តោន​ប៉ុណ្ណោះ ប៉ុន្ដែ​ ប្រសិនបើ​ធ្វើ​តាម​បែប​ទំនើបកម្ម​វិញ ​អាច​ទទួល​ផល​បាន​រហូតដល់​៥​តោន​ ឬ​ច្រើនជាង​នេះ​។

លោក ​បាន​បន្តទៀតថា ​ វិស័យ​ស្រូវ​អង្ករ​កម្ពុជា ប្រឈម​ នឹង​បញ្ហា​ថ្លៃដើម​ខ្ពស់តែ ​បើ​កម្ពុជា​អាច​ប្រើប្រាស់​ តាមបែប​ទំនើប ​នោះ​វា​ក៏​អាច​នឹង​កាត់បន្ថយ​ថ្លៃដើម ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ ព្រោះថា នៅ​ពេលដែល​ផលិត​បាន​ច្រើន​នោះ​តម្លៃ​ថ្លៃដើម ​នឹង​កាត់បន្ថយ​ដូចគ្នា​ដែរ​។

លោក​ បាន​បន្ថែមទៀតថា​ បច្ចុប្បន្ននេះ ​ការប្រើប្រាស់​បែប​បុរាណ​នៅតែ​មាន​ច្រើន ដើម្បី​ឲ្យ​ការ​ធ្វើ​ទំនើបកម្ម​ទទួល​បាន​ផល​ល្អប្រសើរ ​ត្រូវ​ជំរុញ​ឲ្យ កសិករ ឬ​សហគមន៍ ​ប្រើប្រាស់​នូវ​គ្រឿងចក្រ គ្រឿង​យន្ដ ក្នុង​ការដាំដុះ​។

លោក​ បាន​លើក​ឡើង​ថា ​ ការកាត់បន្ថយ​កម្លាំង​ពលកម្ម ​ការ​ចំណេញ​ពេលវេលា ​មួយវិញទៀត​ការ​ប្រើប្រាស់​គ្រឿង​យន្ដ​នេះ ​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ ​ដូចជា ​ជួយ​ពង្រាប​ដី​ឲ្យ​ស្មើ​ល្អ ធ្វើ​ឲ្យ​ដី​ធូរ​ក្នុង​ការ​ដាំដុះ ​និង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​។

លោក ​បន្ដ​ទៀ​ថា ​ឆ្នាំនេះ ​ពិតជា​ពិសេស​ជាង រាល់​ឆ្នាំ​ចំពោះ​ការរៀបចំ វេទិកា​ ស្រូវ​អង្ករ​កម្ពុជា​ ដែល​ទទួល​បាន​សមិទ្ធ​ផល​សំខាន់ៗ​ជាច្រើន ក្នុង​នោះ​ក៏​មាន​សមិទ្ធផល​ថ្មី​មួយ​ ដែល​បាន​ដាក់​សម្ពោធ​ក្នុង​វេទិកា​ ស្រូវ​អង្ករ​កម្ពុជា ​ដែល​ហៅថា​ ការ​សម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ជាតិ ​ដែល​មាន​ឈ្មោះថា ​«​ម្លិះ​អង្គរ​» ដែល​បាន​បង្កើត​មក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ​ដែល​បាន​ចំណាយ​ពេលវេលា ​ថវិកា​ជាច្រើន ​និង​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ​ហើយ​ នឹង​ត្រូវ​ដាក់​បញ្ជូន​ក្នុង​ការ​សម្ពោធ ​ក្នុង​កម្មវិធី​ស្រូវ​ អង្ករ​ នា​ថ្ងៃទី​២២២៣​ ខែមករា ​ឆ្នាំ​២០១៨​ខាងមុខ​៕