ឯកឧត្ដម ឃួ​ង ស្រេង ៖ ​​មន្ត្រី​ជំនាញ​នីមួយៗ​ត្រូវ​ប្រជុំ​ជាប្រចាំ​ ដើម្បី​បំរើ​សេវា​ផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ

67

ភ្នំពេញ ​ ៖ អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម ឃួ​ង ស្រេង ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​នីមួយៗ​ត្រូវ​ប្រជុំ​ជាប្រចាំ​ ដើម្បី​ដឹង​ពី​ការងារ​ខ្លួន​ដែល​ត្រូវ​បំរើ​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ។

អភិបាល​រាជធានី​ភ្នំពេញ ​ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែមករា​នេះ​ បាន​កោះហៅ​អភិបាលខណ្ឌ​ទាំង​១២ ប្រធាន​មន្ទីរ ​ចៅសង្កាត់ និង​ស្មៀន​សង្កាត់​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន នៃ​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​មក​ប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​ពង្រឹង​តួនាទី ​និង​ភារកិច្ច ​ក្នុង​ការ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ថែមទៀត​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ​ការ​កោះហៅ​លោក​អភិបាលខណ្ឌ ប្រធាន​មន្ទីរ ​ចៅសង្កាត់ និង​ស្មៀន​សង្កាត់​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​មក​ប្រជុំ​នាពេលនេះ ​គឺ​ដើម្បី​ពង្រឹង​តួនាទី ​និង​ភារកិច្ច ក្នុង​ការ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែមទៀត​ បើ​ទោះបី​កន្លងមក ​មន្ដ្រី​ទាំងនេះ​ បាន​បំរើ​ជូន​ប្រជាពលរដ្ឋ​បាល​ល្អ​មួយ​កម្រិត​ហើយ​ក្តី​។

ឯកឧត្ដម​ បាន​​បន្តថា ​មកដល់ពេលនេះ ជា​ពេល​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​បំផុត​ហើយ ដើម្បី​បំរើ​សេវា​កម្ម​ជូន​ប្រជាពលរដ្ឋ ។ ដោយ​ឯកឧត្ដម​ បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​នីមួយៗ​ត្រូវ​ប្រជុំ​ជាប្រចាំ ដើម្បី​ឲ្យ​ដឹង​ពី​ការងារ​របស់​ខ្លួន ​ចំពោះ​ការ​បំរើ​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ​ពិសេស​នាយក​រដ្ឋបាល នាយក​មន្ទីរ ​អភិបាលខណ្ឌ​ ត្រូវ​ប្រជុំ​ដាក់​ទិសដៅ​ឲ្យ​បានជា​ប្រចាំ​។​

អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ស្នើសុំ​ឲ្យ​ពង្រឹង​ឡើងវិញ​ផងដែរ​ លើ​ការ​សុំច្បាប់​ឈប់​សម្រាក​រ​បស់​មន្ដ្រី​ សំខាន់​ឲ្យ​សមស្រប ​មិនមែន​ចេះតែ​សុំច្បាប់​បែប​អានាធិបតេយ្យ ​នោះទេ​។

ទាក់ទិន​ និង​ការ​គោរព​ច្បាប់​ចរាចរ​ឯណេះ​វិញ ​ឯកឧត្ដម ឃួ​ង ស្រេង ​បានបញ្ជាក់​ផងដែរ​ថា ប្រជា​ពលរដ្ឋ​មិន​គោរព​ច្បាប់​ចរាចរ​វា​ជា​រឿង​មួយ​ ប៉ុន្តែ​មន្ត្រី​ដាច់ខាត​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍ ​ហើយ​ត្រូវតែ​ណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរ ​ទោះ​ក្នុង​កម្មវិធី​អ្វី​ក៏ដោយ​៕