ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ​ច្បាប់​បទបញ្ជា ​និង​នីតិវិធី​បោះឆ្នោត​តំណាងរាស្ត្រ​ត្រូវ​តែ​មាន​តម្លាភាព​ និង​យុត្តិធម៌

90

ភ្នំពេញ ៖ ​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក​ ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​លើក​ឡើង​ថា ​ការពិនិត្យ និង​កែសម្រួល​លើ​សេចក្តីព្រាងច្បាប់​បទបញ្ជា ​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ ​នីតិកាល​ទី​៦​ គឺ​ដើម្បី​រក្សា​នៅ​យុត្តិធម៌ និង​តម្លាភាព​ជូន​ប្រជាពលរដ្ឋ​។

ព្រឹក​ថ្ងៃទី​២៣ ខែមករា ​ឆ្នាំ​២០១៨​នេះ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ហៅ​កាត់ គ​.​ជ​.​ប បាន ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី ​សេចក្ដីព្រាង​បទបញ្ជា ​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្ដ្រ ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​នេះ​ ត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប និង​មានការ​ចូលរួម​ពី​សមាជិក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ​។

ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន គជប​ បាន​មាន​ប្រសាសន៍​ ថា ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​បទបញ្ជា និង​នីតិវិធី​ សម្រាប់​ការបោះឆ្នោត​នេះ​ ធ្វើ​ឡើងជា​រៀង​រាល់ពេល​ដែល​មាន​បោះឆ្នោត​មិន​ថា បោះ​ឆ្នោត​ឃុំ​សង្កាត់​ ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​នោះទេ ​គឺ​ត្រូវ​រៀបចំ​អោយ​មាន​ការ​កែសម្រួល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស​។ ​ក្រៅពីនេះ​ ឯកឧត្តម​ បាន​បញ្ជាក់ថា​ ច្បាប់​នេះ​ជា​ការ​ធានា​សម្រាប់​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​ជា​ការបង្ហាញ​ឆន្ទៈ ​របស់​ប្រជា​ពលរ​ដ្ឋ​ដែល​បាន​ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ​ខាងមុខនេះ​។

សូម​បញ្ជាក់ដែរថា ​អនុសាសន៍​ទទួល​បាន​មកពី​១០​ស្ថាប័ន ដែល​បាន​ផ្តល់​ជូន គ​.​ជ​.​ប ​មាន​ដូច​ជា​ ក្រុម​ប្រឹក្សាធម្មនុញ្ញ ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ក្រសួងមហាផ្ទៃ ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ស្ថានទូត​ជប៉ុន អង្គការ​ខុម​ហ្វែ​ល ​និង សមាគម​អរុណរះ​៕