ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញា​កណ្ដាល​នឹង​ត្រូវ​សំរេច​ចុងក្រោយ​នៅ​ខែ​មិនា​ពី​ការប្រើប្រាស់​ផ្លូវការ​នៅ World Cup រុស្ស៊ី​

138

បាល់ទាត់៖ ​សមាគម​តាក់តែង​ច្បាប់​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា IFAB នឹង​ប្រកាស​ពី​សេចក្ដី​សម្រេច​ផ្លូវការ​ចុងក្រោយខែ​មិនា​ខាងមុខនេះ ពី​ការប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ជំនួយអាជ្ញាកណ្ដាល​ហៅ​កាត់​ថា ​VAR នៅ World Cup រុស្ស៊ី​។

​​VAR ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​សាកល្បង​ ក្នុង​ការ​ប្រកួត​បាល់ទាត់​ជុំវិញ​ពិភពលោក​ ដែល​រួមមាន​អ៊ីតាលី Serie A, Bundesliga, FIFA Confederations Cup ជាដើម ហៅ​ទទួល​បាន​មកវិញ​នូវ​លទ្ធផល​ទាំង​វិជ្ជមាន និងអវិជ្ជមាន​។ ​ថ្ងៃទី3 ខែ​មិនា​ខាងមុខនេះ​កិច្ចប្រជុំ​ធំ​នឹង​ធ្វើ​នៅ​ទីក្រុង Zurich ប្រទេស​ស្វ៊ី​សមុននឹង​សំរេច​ថា VAR ត្រូវ​ប្រើប្រាស់នៅ World Cup 2018 រុស្ស៊ី​រឺ​យ៉ាងណា​។ ​ប្រធាន FIFA លោក Gianni Infantino ធ្លាប់​បាន​និយាយ​ជាច្រើនលើក​ហើយ​ថា លោក​ចង់​អោយ​មានការប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ ជំនួយ​អាជ្ញាកណ្ដាល​នេះ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​បួន​ឆ្នាំ​ម្តង​នេះ​។

​​យ៉ាងណាក៏ដោយលទ្ធផល​នៃ​ការប្រើប្រាស់​ សាកល្បងនៅ​ជុំវិញ​ពិភពលោក​មិន​រលូន​ឡើយ និង​ខ្លះ​បាន​បង្កើត​ជា​បញ្ហា​ទៅវិញ​។ ​គ្រូ​បង្វឹក Lazio លោក Simone Inzaghi បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​កាលពី​ខែ​មុន​នៅ Seria A ថា ប្រព័ន្ធ​នេះ​បាន​ធ្វើ​អោយ​បាល់ទាត់​លែង​ល្អមើល​។ ដោយឡែក​អំឡុង​ព្រឹត្តិការណ៍ FIFA Confederations Cup ឆ្នាំមុន អាជ្ញា​កណ្ដាល Wilmer Roldan ត្រូវ​មើល​វីដេអូ​សា​ឡើងវិញ​ពីរ​ដង ក្រោយ​បណ្ដេញ​ចេញ​កីឡាករ​កា​ម៉េ​រូ​ន​ខុស នៅ​ពេល​ប្រកួត​ជាមួយ​អាល្លឺម៉ង់​។

​​តាមរយៈ​ការស្រាវជ្រាវ VAR ត្រូវ​បាន​ប្រើប្រាស់ 804ប្រកួត​ជុំវិញ​ពិភពលោក ដោយ​ជា​មធ្យម​ក្នុង​មួយ​ប្រកួត ត្រូវ​ឆែក​វីដេអូ​សា​ឡើងវិញ 5ដង​។ ក្នុងចំណោម 804ប្រកួត​នោះមាន 533ប្រកួត​ប្រក្រតី VAR មិន​ត្រូវ​បាន​ប្រើប្រាស់ ហើយ​មាន 42ប្រកួត VAR ត្រូវ​បាន​ប្រើប្រាស់​លើស​ពី 2ដង​។ ​ការ​ស្រាវជ្រាវ​បញ្ជាក់​ទៀតសុក្រឹត​ភាព ​ក្នុង​ការ​កាត់​សេចក្ដី​របស់​អាជ្ញា​កណ្ដាល​តាមរយៈ VAR ដែល​រួមមានគ្រាប់​បញ្ចូល​ទី 11ម៉ែត្រ និងកាត​ក្រហមជាដើម​មាន​ដល់​ទៅ 98.9ភាគរយ​ឯណោះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ