សម្ព័ន្ធ​យោធា​ដឹក​នាំ​ដោយ​​អារ៉ាប៊ីសាអូឌីត​​ផ្ដល់​ប្រាក់​ ១៥០០​លាន​ដុល្លារ​អាមេរិក​​ជួយ​ដល់​ប្រទេស​យេមែន

151

អារ៉ាប៊ីសាអូឌីត៖ សម្ព័ន្ធ​យោធា​​ដឹក​នាំ​ដោយ​​អារ៉ាប៊ីសាអូឌីត​​​ បាន​និយាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខ្លួន​នឹង​ផ្ដល់​ប្រាក់​ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក ​​ស្ថិត​ក្នុង​​ជំនួយ​មនុស្ស​ធម៌​​ថ្មី​ដល់​ប្រទេស​យេមែន​ ដែល​ជា​​​កន្លែង​ខ្លួន​​កំពុង​គាំទ្រ​​​ដល់​រដ្ឋាភិបាល ​​​​ដែល​ទទួល​​​ស្គាល់​​ពី​អន្តរជាតិ​​ប្រឆាំង​ក្រុម​​ហួរទី​​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​​អ៊ីរ៉ង់​ស្ថិត​ក្នុង​សង្គ្រាម​​ស៊ីវិល​​​មាន​អាយុ​កាល​ ៣​ឆ្នាំ​​ហើយ​នោះ។

​ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ​​​ក្រុម​រដ្ឋមន្ត្រី​​ការបរទេស​ នៃ​ប្រទេស​ជា​សមាជិក​​ក្នុង​សម្ព័ន្ធ​យោធា​ចម្រុះ​​ ដើម្បី​​ស្ដារ​ភាព​ស្រប​ច្បាប់​​​មក​វិញ​​​ក្នុង​ប្រទេស​យេមែន​ លោក Adel Al-Jubei រដ្ឋមន្ត្រី​ការបរទេស​​​អារ៉ាប៊ីសាអូឌីត​​បាន​លើក​ឡើង​ថា ការ​ជួយ​របស់​​​ក្រុម​សម្ព័ន្ធ​យោធា​​ប៉ុន្មាន​ឆ្នាំ​មក​នេះ​បាន​​ចំណាយ​ប្រាក់​​លើស​ពី​ ៨ពាន់លាន​ដុល្លារ​​អាមេរិក។ ​ការ​ប្រកាស​នេះ​​បាន​ធ្វើ​ឡើង​​ក្នុង​ពេល​ដែល​​​​អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធ​មិត្ត​យោធា​របស់​ខ្លួន​​​ប្រឈម​ការ​រិះ​គន់​​យ៉ាង​ច្រើន ​​ក្នុង​នោះ​មាន​​រួម​ទាំង​​ការ​រិះ​គន់​​​ពី​សហរដ្ឋ​អាមេរិក ​ជុំ​វិញ​​​​ការ​បាត់​បង់​ជីវិត​​​ជន​ស៊ីវិល​​នៃ​ជម្លោះ​​ក្នុង​យេមែន​ ហើយ​ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង​ ១ម៉ឺន​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​​​ ដោយ​ការ​វាយប្រហារ​តាម​អាកាស​​ជា​ច្រើន​របស់​​ក្រុម​សម្ព័ន្ធ​យោធា​ និង​ដោយ​ការ​វាយប្រហារ​​របស់​កង​ទ័ព​ថ្មើរ​ជើង។

​សម្ព័ន្ធ​ភាព​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​​​ រួម​មាន​​ទាំង​​អារ៉ាប់រួម​​ផង​ដែរ​នោះ​និយាយ​ថា ​ខ្លួន​បាន​បញ្ចប់​​ការ​ដឹក​ជញ្ជូន​​​ជំនួយ​លើក​ដំបូង ​តាម​​យន្តហោះ​​ទៅ​កាន់​ភាគ​កណ្ដាល​​​ទីក្រុង​​ម៉ារីប និង​បាន​បង្កើត​​ច្រក​របៀង​​ចំនួន ១៧​កន្លែង ​សម្រាប់​​ដឹក​ជញ្ជូន​​ជំនួយ​​តាម​​ជើង​ទឹក​​ទៅ​កាន់​ប្រទេស​នេះ៕​​

អត្ថបទ៖ រិទ្ធី