​អាជ្ញាធរ​ជាតិ​អប្សរា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពិភាក្សា​ស្វែងរក​ទី​តាំង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​អង្គរ​

141

សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ជួបពិភាក្សា​គ្នា​អំពី​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ នៅ​មជ្ឈមណ្ឌល​អគ្គនាយកដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨​នេះ​។​

កិច្ចពិភាក្សា​នេះ ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ឯកឧត្ដម សុខ សប្បាយ​ណា ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត តំណាង​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ជា​ច្រើនរូប​ទៀត​។​

ឯកឧត្ដម សុខ សប្បាយ​ណា បាន​រៀបរាប់​អំពី​ភាពជោគជ័យ​ជា​បន្តបន្ទាប់​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល​៥​ឆ្នាំ​កន្លងមក ជាពិសេស​កំណើន​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​តាំងពី​ចំនួន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៣ កើន​រហូតដល់​ជាង​១​លាន​៦​សែន​នាក់​នៅ​ឆ្នាំ​២០១៧​កន្លងទៅ​។​

តាម​គម្រោង​សម្រាប់​ឆ្នាំ​ទី​៦​នេះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ អង្គរ​សង្ក្រាន្ត​នឹង​កែសម្រួល និង​បន្ថែម​នូវ​កម្មវិធី​ថ្មីៗ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​មាន​ទាក់ទាញ​កាន់​តែខ្លាំង ដូចជា​កម្មវិធី​បំបួស​នាគ កម្មវិធី​សមាធិ​នៅ​ក្បែរ​ប្រាសាទអង្គរវត្ត កម្មវិធី​ព្រៃ​ប្រសិទ្ធី​ដើម្បី​បណ្ដុះ​ការ​ស្រឡាញ់​ព្រៃឈើ​និង​សត្វព្រៃ និង​កម្មវិធី​បាញ់​ព្រួញ​ជាដើម​។​

ជាមួយគ្នានេះ ឯកឧត្តម សុខ សប្បាយ​ណា ក៏បាន​លើកឡើង​នូវ​សំណើ​ចំនួន​១០៤​ចំណុច ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​ជំរុញ​ឲ្យ​ព្រឹត្តិការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូចជា ការ​កាត់​ក្រី​មែក​ឈើ​បញ្ចៀស​គ្រោះថ្នាក់ ការថែទាំ​ទីធ្លា​សៅ​បៃតង​រហូតដល់​កម្មវិធី និង​ទីតាំង​រៀបចំ​កម្មវិធី​ជាដើម​។​

ជា​ការ​ឆ្លើយតប ឯកឧត្ដម ​សុខ សង្វារ បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​ទាំងស្រុង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំពោះ​ការ​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ជាក់​ស្តែង អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ក្រុមការងារ​អង្គរ​សង្ក្រាន្ត និង​បាន​ដំណើរការ​បណ្តើរ​ៗ​ខ្លះ​ទៅ​ហើយ​។

ចំពោះ​សំណើ​ដែល​បាន​លើកឡើង​មកនេះ​ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បើក​អង្គប្រជុំ​ផ្ទៃក្នុង​ដើម្បី​ពិនិត្យ​សំណូមពរ​នីមួយៗ ដើម្បី​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ដោះស្រាយ និង​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេលវេលា​។ ជា​ចុងក្រោយ​ឯកឧត្ដម ​ក៏បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​សហការ ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដំណើរការ​ដោយ​រលូន និង​កាន់តែ​ជោគជ័យ​ជាង​ឆ្នាំ​មុនៗ​ថែមទៀត​៕