កម្ពុជា​ទទួលជោគជ័យ​លើ​សេចក្តីព្រាងច្បាប់​ទាក់ទង​ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

105

ភ្នំពេញ៖ ​នៅ​ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​១១ នីតិកាល​ទី​៣​នេះ​បានអនុម័ត​យល់ព្រម ដោយ​ឥត​កែប្រែ​លើ​ការការពារ​សេចក្តីព្រាង​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។​

យោងតាម​សេចក្តីប្រកាស​ព័ត​មាន​ក្រសួងពាណិជ្ជកម្ម ​នៅ​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨​នេះ​បាន​បង្ហាញថា សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​១១ នីតិកាល​ទី​៣ ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា​។ ជា​លទ្ធផល​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ព្រឹទ្ធសភា​ធ្វើការ​អនុម័ត​យល់ព្រម​ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់​ក្នុង សម្លេងគាំទ្រ​ចំនួន​៤៩​សំឡេង​លើ​សមាជិក​សមាជិកា​វត្ត​មាន​ចំនួន​៥០​។

ប្រភព​ដដែល​បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​សាធារណរដ្ឋ​ឥណ្ឌា​នេះ ត្រូវបាន​រដ្ឋសភា​កម្ពុ​ជា​អនុម័ត​ព្រម​ចំនួន​១១៣​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ ២០១៨​នេះ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា បើក​ច្រកចូល​ទីផ្សារ​បាន​ទូលាយ​ជាង​មុន​ដល់​អ្នកផ្តល់​សេវាកម្ម​នៃ​ប្រទេស​សមាជិក​ហត្ថលេខី​ទាំងអស់ រួមទាំង​កម្ពុជា​ផងដែរ​។ ប្រទេស​អភិវឌ្ឍន៍​តិចតួច ដូចជា​កម្ពុជា មី​យ៉ាន់​ម៉ា និង ឡាវ បានទទួល​នូវ​ប្រព្រឹត្តិកម្ម​ពិសេស​និង​ដោយឡែក ដូចជា​បើក​ច្រក​ទីផ្សារ​ផ្នែក​សេវា​នៅក្រៅ​ប្រទេស និង​ផ្តល់​ភាពទន់ភ្លន់​ក្នុងការ​ធ្វើ សេរីភាវូបនីយកម្ម​ជា​ជំ​ហ៊ានៗ និង​តាម​វិស័យ​អាទិភាព​ស្របតាម​កំរិត​នៃ​ការអភិវឌ្ឍ​ជាដើម​។​ល​។

ពាក់ព័ន្ធ​នឹង​ព័ត​មាន​ខាងលើនេះ អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម លោក កែម វិចិត្រ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ជំហាន​បន្ទាប់​គឺ​ត្រូវ​ទទួល​ការអនុម័ត​ដោយ​ព្រឹទ្ធសភា​ទើប​អាច​ប្រើប្រាស់​បាន​។ ឥឡូវនេះ​កិច្ចព្រមព្រៀង គឺ​បាន​បញ្ជូនទៅ​ព្រឹទ្ធសភា​រួចរាល់​ហើយ​ដែរ​។ ក្រោយពេល​អនុម័ត​ដោយ​ព្រឹទ្ធសភា ក្រសួងពាណិជ្ជកម្ម នឹងត្រូវ​ផ្ដល់​ព័ត​មាន ទៅ​លេខាធិការដ្ឋាន​អាស៊ាន​៕