សាលា​អនុគណ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ បើ​កអនុសង្ឃវច្ចរមហាសន្និបាតមន្ត្រីសង្ឃ​បូកសរុប​ការងារ​ព្រះពុទ្ធសាសនា​

75

ភ្នំពេញ៖ ព្រះ​មេគណ​រាជធានី​ភ្នំពេញ អំពាវនាវ​ស្ថាប័ន​ព្រះពុទ្ធសាសនា​គ្រប់លំដាប់​ព្រមទាំង​ពុទ្ធបរិស័ទ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​សហការ​ចូលរួម​ទប់ស្កាត់​ភាព​អសកម្ម​ទាំងឡាយ​ដែល​កើតមាន ហើយ​នាំ​មកវិញ​នូវ​ចំណុច​វិជ្ជមាន ភាព​ផូរផង់ ញ៉ាំង​ឲ្យ​គោលការណ៍​ច្បាប់​ព្រះពុទ្ធសាសនា បាន​ដក់​ជាប់​ក្នុង​ស្រទាប់​ពុទ្ធសាសនិក​យូរលង់​តទៅ​។

​​ព្រះ​មុនី​កោសល ឃឹម សន ព្រះ​ចតុមុខ​មង្គល​រង្សី ព្រះ​មេគណ​រាជធានី​ភ្នំពេញ មាន​សង្ឃដីកា យ៉ាង​ដូច្នេះ ក្នុង​ពិធី​បើក​បើ​ក​អនុសង្ឃវច្ចរមហាសន្និបាតមន្ត្រីសង្ឃ បូកសរុប​ការងារ​ព្រះពុទ្ធសាសនា​ឆ្នាំ​២០១៧ និង​ទិសដៅ ឆ្នាំ​២០១៨​កាលពី​ម្សិល​ម៉ិ​ញ​នេះ​។

ព្រះ​មុនី​កោសល​បន្តថា សព្វថ្ងៃនេះ​មាន​បព្វជិត​អង្គ​មួយចំនួន នៅតែ​បន្ត​បិណ្ឌបាត តាម​ទី​អគោចរ ចូលរួម​ក្នុង​ពិធី​ដែល​គេ​មិន​និមន្ត​, សកម្មភាព​នេះ​វា​ផ្ទុយ​ពី​វិន័យ ប​ញ្ញ​តិ្ត​ក្នុង​នាមខ្លួន​ជា​បព្វជិត ដែល​ករណីនេះ​ពុទ្ធបរិស័ទ​មិន​សប្បាយចិត្ត ហើយ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ថែមទៀត​។

ព្រះ​តេ​គុណ​បាន​បន្តថា ការ​រៃអង្គាស​ជា​ផលប្រយោជន៍​បុគ្គល ការ​រៃអង្គាស​មាន​រូបភាព និង​ប្រភព​មិន​ច្បាស់លាស់ បាន​កើតមាន​ច្រើន​ឡើងៗ​លើស​ឆ្នាំមុន​, បញ្ហា​នេះ​ជះ​ឥទ្ធិពល​មិនល្អ ដល់​ជំនឿ​ព្រះពុទ្ធសាសនា​។ ជន​ក្លែងបន្លំ​ជា​បព្វជិត ដើរ​បិណ្ឌបាត រៃអង្គាស​ជា​ប្រយោជន៍​បុគ្គល នៅតែ​បន្ត​កើតមាន​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​អ្នកបួស​ត្រឹមត្រូវ​ស្របច្បាប់ និង​តម្លៃ​ព្រះពុទ្ធសាសនា​។

ចំពោះ​ឆាយា សង្ឃដីកា របស់​ភិក្ខុ​សាមណេរ ការត្រួតពិនិត្យ​កន្លងមកនេះ បាន​រកឃើញ​ភាពមិនប្រក្រតី​មួយចំនួន ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុងការ​គ្រប់គ្រង​ព្រះសង្ឃ​ក្នុង​វត្ត​នីមួយៗ ហើយ​នៅមាន​វត្ត​ចំនួន​៣​វត្ត នៅតែ​ស្ថិតក្នុង​បញ្ហា​ប្រឈម យើង​ដោះស្រាយ​មិនទាន់បាន​ជោគជ័យ និង​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។

សម្ភារៈ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប បព្វជិត​អង្គ​ខ្លះ​បាន​រត់តាម​ការរីកចម្រើន​នោះ ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​ជា​អ្នកបួស ភាពជា​គំរូ​ល្អ​ក្នុងចំណោម​ពុទ្ធបរិស័ទ និង​សង្គម​ត្រូវបាន​បាត់បង់​។ ដូច្នេះ​ជុំវិញ​បញ្ហា​ដូចខាងលើ ក្នុងនាម​សាលា​គណ ម​នី្ទ​រ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ សូម​ចូលរួម​ទប់ស្កាត់​ភាពអវិជ្ជមាន​ទាំងអស់នេះ ។​

​​​អភិបាលរង​រាជធានី​ភ្នំពេញ ឯកឧត្តម មាន ចាន់​យ៉ា​ដា បាន​លើកឡើងថា​៖ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​យ៉ាងច្បាស់​ថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ក្នុងនោះ​ទស្សនវិជ្ជា នៃ​ព្រះពុទ្ធសាសនា បាន​ប្រៀនប្រដៅ​មនុស្ស​ឲ្យ​ស្គាល់​សច្ចភាព សុចរិត​ភាព បុណ្យ និង​បាប និង​បង្ហាញ​អំពី​មាគ៌ា ដើម្បី​រំដោះខ្លួន ពី​សេច​កី្ត​ទុក ពោល គឺ​វៀរចាក​អំពើ​ទុច្ចរិត និង​អកុសលកម្ម និង​អំពើ​លោភៈ ទោសៈ និង​មោហៈ ដែលជា​មូលដ្ឋានគ្រឹះ នៃ​វប្បធម៌​សន្តិភាព ដឹកនាំ​ពុទ្ធសាសនិក និង​ប្រជាជន​ខ្មែរ ឆ្ពោះទៅរក​សេច​កី្ត​សុខ សុភមង្គល និង​ភាព​សុខដុម​នីយកម្ម ក្នុង​វិស័យ​សាសនា​។​

​ ​ឯកឧត្តម សូម​អំពាវនាវ​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ពុទ្ធបរិស័ទ​ទាំងអស់ សូមមេត្តា​ប្រកាន់ខ្ជាប់​នូវ​ធម៌ មេត្តា ករុណា សណ្តោស និង​ខន្តី តាម​ឱវាទ​ព្រះសម្មាសម្ពុទ្ធ ដើម្បី​ធ្វើជា​គម្រូ​ល្អ​ដល់​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​ខិតខំ​យក ចិត្ត​ទុកដាក់​ស្វាធ្យាយ​រៀនសូត្រ​ព្រះធម៌ ព្រះ​វិន័យ រក្សា​ក្បួនខ្នាត តម្រា ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច​និរន្តរ៍ ៕