យុវជន​ជំនាន់​ក្រោយហាក់​យល់​មិន​ស៊ីជម្រៅ ពី​បុណ្យមាឃបូជា​

217

 ភ្នំពេញ៖ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា ៩០% ជា​អ្នក​កាន់ និង​ជឿ​លើ​ព្រះពុទ្ធសាសនា ប៉ុន្តែ​ ត្រូវបាន​គេ​មើល​ឃើញថា ក្នុង​ចំណោម​នោះ​មាន​ប្រមាណ​ជា ៥០% មិនបាន​យល់ដឹង​ស៊ីជម្រៅ​ទាក់ទង​ទៅនឹង​កិច្ច​ពិធី​មួយចំនួន​នៅក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ក្នុងនោះ​មានដូចជា បុណ្យមាឃបូជា និង វិសាខបូជា​ជាដើម ជាពិសេស គឺ​ក្នុង​ស្រទាប់​យុវជន​តែម្ដង​។

យុវជន​ជំនាន់​ក្រោយ​មួយចំនួន​បាន​អះអាងថា ពួកគេ​មិនសូវ​យល់ដឹង​អោយបាន​ស៊ីជម្រៅ​លើ​វិស័យ​ព្រះពុទ្ធសាសនា​នោះទេ បើទោះបី​ពួកគេ​ដឹងថា រដ្ឋធម្មនុញ​ដែលជា​ច្បាប់កំពូល​នៃ​ប្រទេស​កម្ពុជា បាន​ចែងថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់ រដ្ឋ​ក្ដី និង មាន​ពិធី​សាសនា​ជាច្រើន​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​ទាំង​នៅក្នុង​ទី​អារាម និង នៅតាម​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ ក្ដី​។

ជាក់ស្តែង​នៅក្នុង​ឱកាស​ពិធីបុណ្យ​មាឃបូជា ដែលជា​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​ដ៏​ធំ និង មាន​សារសំខាន់ ដែល​នឹង ចាប់ផ្តើម​នៅ​ថ្ងៃ ៣១ មករា​ស្អែក​នេះ​ក្ដី ក៏​យុវជន​ភាគច្រើន ហាក់​មិន​អើពើ និង មិនសូវ​ចាប់អារម្មណ៍ ជាពិសេស​ពួកគេ​មិន សូវ​យល់ដឹង​អោយបាន​ស៊ី​ជា​ម្រៅ​នោះទេ ទាំង​អត្ថន័យ និង ការ​ប្រារព្វ​ពិធីបុណ្យ​មាឃបូជា​នេះ​។​

ពាក់ព័ន្ធ​នឹង​កិច្ច​ពិធី​នេះ ព្រះ​មុនី​កោសល្យ ឃឹម សន ព្រះ​ចតុមុខ​មង្គល​រង្សី ព្រះ​មេគណ​រាជធានី​ភ្នំពេញ បាន​ពន្យល់ថា ពិ ធី​បុណ្យមាឃបូជា គឺជា​ពិធីបុណ្យ​មួយ​ដែលមាន​សារៈសំខាន់​នៅក្នុង​ពុទ្ធសាសនា​។ អ្នក​កាន់​ព្រះពុទ្ធសាសនា ទាំង​គ្រហស្ថ និង បុព្វ​ជិត​បាន​ប្រារព្វ​ធ្វើឡើង​នា​ថៃ្ង​ពេញ​បូរ​មី ១៥​កើត ខែមាឃ​ជា​ទៀងទាត់​រៀងរាល់ឆ្នាំ​។

ព្រះ​មុនី​កោសល្យ​មាន​ថេរ​ដីកា បន្តថា បុណ្យមាឃបូជា​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ចំនួន ៣ យ៉ាង គឺ​ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ចតុរង្គសន្និបាត ប្រកបដោយ អង្គ​បួន ដែលមាន​ព្រះសង្ឃ​ចំនួន ១២៥០ អង្គ​ចូលរួម ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ និង ដើម្បី ប្រារព្ធ​ដល់​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​៕