ផ្ទុះអាវុធពេលបង្ក្រាបឈើជិតព្រំដែនវៀតណាមៈ ស្លាប់មនុស្ស៣នាក់

85

មណ្ឌគិរី : មន្ត្រីបរិស្ថាន ប៉េអឹម និងមន្ត្រីអង្គការសរុបចំនួន៣នាក់ បានប៉ះទង្គិចគ្នាជាមួយក្រុមរកស៊ីឈើ ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ជិតព្រំដែនវៀតណាម នៅល្ងាចថ្ងៃទី៣០ ខែមករា។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់រស្មីកម្ពុជា អោយដឹងថា កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធនៅចំណុចព្រំដែនផ្លូវទៅកាន់ប៉ុស្តិ៍ដាក់ឡែ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បណ្ដាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត (ស្លាប់២នាក់នៅក្នុងព្រៃ និងបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្លាប់ម្នាក់)។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ១.តឿន សុខណៃ ជាមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការអូររាំង, ២.ឈ្មោះសេក វឌ្ឍនា ជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលរួមសហការ និង៣.ឈ្មោះធួន ខ្នារ ជាមន្រ្តីអង្គការ WCS ផ្នែកផែនទី (GIS)។

តាមសេចក្តីរាយការណ៍ពីក្រុមការងារមន្ទីរបរិស្ថានដែលចុះទៅយកសាកសពបានប្រាប់ថា ពុំទាន់ដឹងអំពីមូលហេតុនៃការផ្ទុះអាវុធនេះនៅឡើយទេ គ្រាន់តែជាការសន្និដ្ឋានបឋមថា ជាករណីទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅព្រំដែនក្បែរតំបន់អូរហ៊ុច។

បច្ចុប្បន្នសពមន្រ្តីអង្គការ WCS ត្រូវបានអង្គការ WCS រៀបចំចាត់ចែងដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯមន្រ្តីឧទ្យានុរក្ស និងមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារមន្ទីរបរិស្ថានបាននិងកំពុងចូលទៅយកសាកសព៕