វិស័យ​ឯកជន​គ្រោង​បង្កើត​សួង​ឧស្សាហកម្ម ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម

45

ភ្នំពេញ ​៖ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ FASMEC​ គ្រោង​បង្កើត​សួង​ឧស្សាហកម្ម ​មួយ ​សំរាប់​ជួយ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​មាន​ការចូលរួម​ពី​ស្ថាប័នរដ្ឋ​មួយ​ចំនួន​។

លោក​ឧកញ៉ា តែ តាំង​ប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម ​(FASMEC)​ បាន​ថ្លែងថា ​ខាង FASMEC ​បាន​រៀបចំ​គម្រោង​ធ្វើ​សួង​ឧស្សាហកម្ម ​រួច​មកហើយ​ សម្រាប់​ជួយ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​ផ្ទៃដី​ពី ​៣​ទៅ​៥​ ហិកតា​ស្ថិតនៅតាម ​ខេត្ត​ ដែល​មាន​សក្តានុពល​ដូចជា​ខេត្ត កណ្តាល ​កំពង់ចាម​ និង​ខេត្តកំពង់ធំ​។

លោក​ឧកញ៉ា ប​ន្ត​ទៀតថា ​គម្រោង​ខាងលើនេះ ​មិន​សំដៅ​តែ​នៅ​រាជធានី​ភ្នំពេញ​នោះទេ ​គឺ​នៅ​ខេត្ត​សំខាន់ៗ​ទៀត ​ហើយ​តំបន់​ឧស្សា​ហ​កម្ម​ ធ្វើឡើង​សម្រាប់​សហគ្រាស​ធុន​តូច​ និង​​មធ្យម​ នឹង​ជួយ​ឲ្យ​ផលិតករ​អ្នក​ផលិត​មាន​ទីផ្សារ​ធំ​ជាង​មុន​ និង​អាច​រ​កដៃ​គូរ​នាំ​ផលិតផល​ទៅ​ក្រៅ​ប្រទេស ។

លោក​ឧកញ៉ា ​ប​ញ្ជា​ក់ថា ​ខាង FASMEC នឹង​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ និង​គម្រោង​ភូមិ​មួយ​ផលិតផល​មួយ ​ហើយ​បច្ចុប្បន្ននេះ ​គម្រោង​បាន​ធ្វើ​កាលពី​ចុងឆ្នាំ​២០១៧ ​កន្លងមក​ទៅ​។​ ចំណែក ឯក​ឧ​ត្ត​ម ​លោក គឹម ទូច រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ថ្លែងថា ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​មាន​កេរ្តិ៍ឈ្មោះ ​ក៏បាន​ចុះ​អនុស្សរណៈ ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដើម្បី​បង្កើត​សួន​ឧស្សាហកម្ម​តូច​មួយ​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយ​រលំ​ ខេត្តកណ្តាល​ ក្នុង​ផ្ទៃដី​ជាង​២០​ហិកតា​។

ឯក​ឧត្ត​ម​ បាន​បន្តទៀតថា ​ ក្រៅពីនេះ ​ខាង​ក្រសួង​ឧស្សាហកម្ម​កំពុងតែ​រៀបចំ​គោលនយោបាយ​ជាតិ​មួយ​ ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ដែល​មាន​ស្ថាប័ន​ជាង​១០​ចូលរួម​ធ្វើ​គោ​នយោបាយ​នេះ ។

ឯកឧត្ដម ​បានបញ្ជាក់​ទៀតថា​ ក្នុង​តំបន់​ឧស្សាហកម្ម ​នោះ​មាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផលិត​ និង​ខាង​រដ្ឋាភិបាល​មានការ​អនុគ្រោះ​ពន្ធ​ក្នុង​ការផលិត​ផងដែរ ។​ ដូច្នោះ ​បើ​សិន​គម្រោង​នេះ​ ដំណើរ​ទៅ​បាន​ជោគជ័យ​នោះ​ សហគ្រាស​នៅ​កម្ពុជា​ ផលិត​បាន​លក់​ក្នុង​តម្លៃ​ថោក​អាច​នាំចេញ​បាន​ទៅ​ក្រៅ​ប្រទេស​បាន​ច្រើន​ថែមទៀត​៕