អ្នកភូមិ​កាំ​ពី មាន​ជីវភាព​ធូរធារ​ជាង​មុន ដោយសារ​មុខរបរ​លក់​វត្ថុ​អនុស្សាវរីយ៍​

67

ក្រចេះ ៖ ​ ខេត្តក្រចេះ គឺ​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​ដែរ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​ខេត្ត​នេះ​ មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាច្រើន ​ជាពិសេស គឺ​តំបន់​ទេសចរណ៍​ទន្លេ​មេគង្គ​អន្លង់​ផ្សោត​កាំ​ពី ​ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ទាក់​ ទាញ​ចំណាប់អារម្មណ៍​ទេសចរ​ជាតិ និង អន្តរជាតិ​។

ពេលធ្វើ​ដំណើ​ទៅដល់​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ គេ​នឹង​ឮ​សំឡេង​ចេញពី​សិប្បកម្ម​គ្រួសារ នោះ​គឺ ​សំឡេង​ឆ្លាក់​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ ចេញពី​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ ​ដើម្បី​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​លក់​ជូន​ភ្ញៀវ​ជាតិ ​អន្តរជាតិ ​សម្រាប់​យក​ទៅ​តាំង​លម្អ​តាម​គេហដ្ឋាន​របស់​ពួកគេ​តាម​ចំណង់​ចំណូលចិត្ត​។

មុខរបរ​នេះ បច្ចុប្បន្ន ​បាន​ជួយ​ធ្វើ​ឲ្យ​ជីវភាព​អ្នកភូមិ​កាំ​ពី ធូរធារ​ជាង​មុន ​ដោយសារ​ពួកគេ​មាន​មុខរបរ​ប្រចាំ​គ្រួសារ ​មិន​ចាំបាច់​ដើរ​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​។​

លោក ស៊ឹម សុខ​ហេង ជា​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិ​កាំ​ពី និង ជា​អ្នក​ឆ្លាក់​វត្ថុ​អនុស្សាវរីយ៍ ​បាន​ឲ្យ​ដឹងថា​ លោក​បាន ប្រកបមុខរបរ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ​ដោយ​ការងារ​នេះ​មាន​ភាព​កាក់កប ​និង បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​គ្រួសារ​របស់​ គាត់​ផងដែរ​។

នៅក្នុង​ភូមិ​កាំ​ពី នាពេល​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​ហើយ ​ដែល​បាន​ចាប់​យក​អាជីព ផលិត​វត្ថុ​អនុស្សាវរីយ៍​ពី​ឈើ​នេះ ហើយ​បាន​ចងក្រង​ជា​សហគមន៍​មួយ​ ដើម្បី​បោះ​ដុំ​នូវ​វត្ថុ​អនុស្សាវរីយ៍​ទៅតាម​បណ្តា​ខេត្ត​មួយ ចំនួន ​ដែល​មាន​ភ្ញៀវទេសចរ​ជាតិ ​និង អន្តរជាតិ​ច្រើន ទៅ​ទស្សនា​កម្សាន្ត​។

ក្រុមអាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​ពី​ឈើ នៅ​តំបន់​ទេសចរណ៍​កាំ​ពី បាន​ឲ្យ​ដឹងថា ​មុខរបរ​នេះ​ល្អ អាច​ជួយ​កែប្រែ​ជីវ ភាព​គ្រួ​សារបាន​យ៉ាង​ឆាប់រហ័ស​ តែ​ថាវ​ត្ថុ​អនុស្សាវរីយ៍​ទាំងនេះ​ លក់ដាច់​ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ ជាង​ភ្ញៀវទេសចរ​អន្តរជាតិ​។​ ក្រៅពី​ការលក់ដូរ​នៅ​នឹង​ទីកន្លែង ​ក៏មាន​ម៉ូយ​នៅ​តាម​ខេត្ត​បញ្ជា​ទិញ​ផងដែរ​។

ប្រជាពលរដ្ឋ និង អាជីវករ​ទាំងអស់ ដែល​កំពុង​ធ្វើ និង លក់​វត្ថុ​អនុស្សាវរីយ៍​ពី​ឈើ​នេះ​ បាន​សំណូមពរ​ដល់​អាជ្ញាធរ ​ខេត្តក្រចេះ​ មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ ជួយ​ទប់ស្កាត់​បង្ក្រាប​ការ​ចរាចរណ៍​ឈើ​ប្រណីត​ចេញទៅ​ប្រទេសជិតខាង​ផង ​បើ​ពុំ​នោះទេ ​ពួកគេ​នឹង​បាត់បង់​មុខរបរ​នេះ ដោយសារតែ​គ្មាន​ឈើ​ប្រណីត​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត​៕