បច្ចេកវិទ្យា​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ត្រូវ​បាន​នាំចូល​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា

46

ភ្នំពេញ ៖ ឧបករណ៍​ម្យ៉ាង​ដែលមាន​រូបរាង​ស្រដៀង​ នឹង​កាត​អេ​ធី​អឹម​ រឺ​កាត​ធនាគារ​នានា ​ត្រូវបាន​នាំចូល​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា ​ដែល​វា​ជា​ផលិតផល​ម្យ៉ាង ​ផលិតឡើង ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់​ដែល​ចាំបាច់ ​ដូចជា​ កាបូប​លុយ​ កា​តាប ​វ៉ា​លី​ស ​ជាដើម​។

ឧបករណ៍​នេះ ត្រូវបាន​នាំចូល និង​ចែកចាយ​នៅក្នុង​ទីផ្សារ​កម្ពុជា ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះថា Onefill international និង​បាន​ប្រកាស​ពី​ការ​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ ជា​ផ្លូវការ​ផងដែរ​កាលពី​ល្ងាច​ថ្ងៃទី​៣១ ​ខែមករា ​កន្លងមកនេះ​។

លោក យៀប ហូ​សេង អ្នកគ្រប់គ្រង​ទិន្នន័យ នៃ​ក្រុមហ៊ុន​ប្រចាំ​តំបន់​ទន្លេមេគង្គ ​បាន​ឲ្យ​ដឹងថា ផលិតផល​ដែល​ក្រុមហ៊ុន​នាំចូល ​មកកាន់​កម្ពុជា​ នាពេល​នេះ មាន​ឈ្មោះថា safe Dome (​សេត ដូ​ម​) ដែល​វា​អាច​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​យើង​ម្នាក់ៗ​បាន​ ជា​ឧទាហរណ៍​ នៅពេល​យើង​ធ្វើដំណើរ​ទៅ​ណា​មួយ​តាម​ជើង​យន្តហោះ ​ឬ ​ធ្វើដំណើរ​ទៅណា​មក​ណា តែ​នៅ​ពេលដែល​ភ្ជាប់​ឧបករណ៍​មួយ​នេះ​ ជាមួយនឹង​ទូរ​ស័ព្ទ​ដៃ ហើយ​ដាក់​ឧបករណ៍​នោះ​ជាប់​ជាមួយ​ទ្រព្យសម្បត្តិ​របស់​យើង គឺ​នៅ​ពេលដែល​យើង​ចេញ​ឆ្ងាយ​ពី​វា​ប្រមាណ​៣០​ម៉ែត្រ ​ទូរស័ព្ទ​យើង​នឹង​ផ្ដល់​ជា​សញ្ញា​ឲ្យ​ដឹង​ភ្លាម ថា​យើង​បាន​ភ្លេច​អីវ៉ាន់​ណាមួយ​ហើយ ។

លោក​ បន្តថា កន្លងមក​លោក​ខ្លួនឯង​ ក៏ដូចជា​អ្នកដទៃ​សុទ្ធតែ​ធ្លាប់​ភ្លេច​របស់ ​ដែលមាន​តម្លៃ​ជាប់​នឹង​ខ្លួន តែ​ពេលខ្លះ​ក៏បាន​រក​ឃើញ​មកវិញ ​ហើយ​ពេលខ្លះ​ក៏​រក​មិន​ឃើញ​ ដូចនេះ ហើយ​ដើម្បី​ការពារ​ទ្រព្យ​សម្បតិ្ត ​ដែល​មាន​តម្លៃ​នៅ​ជាប់​នឹង​ខ្លួន ​ទើប​លោក​សម្រេច​សហកា​រ​ជាមួយ​នឹង​ក្រុមហ៊ុន Maxwell Forest នាំចូល​មកកាន់​ប្រទេស​កម្ពុជា​។

លោក Richard Wong នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មាន​ប្រសាសន៍ថា បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​និយម​ប្រើប្រាស់​នៅ​បណ្ដា​ប្រទេស​ជាច្រើន ​ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី សិង្ហបុរី និង​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​។​

លោក​ បន្តថា មុខងារ​របស់​ឧបករណ៍​នេះ អាច​ឲ្យ​យើង​ដឹង​ពី​ការ​ភ្លេច​របស់របរ​ផ្សេងៗ ដូចជា​ កាបូប​លុយ កុំព្យូទ័រ កា​តាប វ៉ា​លី​ស​ និង​លិខិតឆ្លងដែន​ជាដើម ព្រោះ​នៅ​ក្នុង​បន្ទះ​កាត​មាន​ផ្ទុក​នៅ​ប្រព័ន្ធ​តាមដាន GPS ដែល​អាច​ផ្ដល់​ដំណឹង​មកកាន់​ទូរស័ព្ទ​របស់​យើង​ភ្លាមៗ​ នៅក្នុង​គំលាត​ពី​ទូរស័ព្ទ​៣០​ម៉ែត្រ ។ វា​ពិតជា​ងាយស្រួល គ្រាន់តែ​ដំឡើង​វា​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ​ ហើយ​ភ្ជាប់​ Bluetooth​ទៅ​នឹង​កាត​ បន្ទាប់មក​គ្រាន់តែ​យក​កាត​នោះ ​ទៅ​ដាក់​ក្នុង​របស់របរ​ដែល​ចង់​ការពារ​ជា​ការ​ស្រេច ៕