កសិករ​ដាំ​ម្អម នៅ​ឃុំ​អូរ​តា​គីរ ​កំពុង​កាក់កប​នឹង​របស់​នេះ

267

បាត់ដំបង ​ ៖ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​ប្រកបរបរ​ដាំ​ដំណាំ​ម្អម​ នៅក្នុង​ភូមិ​ត្រស់ ​ឃុំ​អូរ​តា​គីរ ស្រុក​ថ្មគោល ខេត្តបាត់ដំបង កំពុង​ត្រូវប៉ាន់​នឹង​ដំណាំ​ប្រភេទ​នេះ ​ខណៈ​តម្លៃ​ក្នុង​ទីផ្សារ ​មិន​មានការ​ស្រកស្រុត ​និង​សម្បូរ​អ្នកទិញ​។

ប្រជាកសិករ​ដែល​ប្រកប​របរ​ដាំ​ម្អម​នេះ​២០​ឆ្នាំ​ម្នាក់​ឈ្មោះ កែវ សំអាង ភេទ​ប្រុស រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គីរ ​បាន​ឲ្យ​ដឹងថា ​ដំណាំ​ម្អម​នេះ ​ពេល​ដាំ​ប្រើ​ពេល​ត្រឹមតែ​៤៥​ថ្ងៃ ​នឹង​ឲ្យ​ផល​ ហើយ​ពេល​ប្រមូល​ផល​អស់ ​មួយខែ​ក្រោយ​ទៀត វា​នឹង​លូតលាស់​ជាថ្មី​។

លោក​បញ្ជាក់ថា ដាំ​ម្ដង អាច​ប្រមូល​ផល​បាន​ពី​៣ ​ទៅ​៤​ដង ​ដោយ​អាស្រ័យ​ទៅលើ​ដី​ដែល​មាន​ជីជាតិ​ល្អ ​ឬ​យ៉ាងណា​?​។ ​សម្រាប់​ការលក់ដូរ​វិញ ម្អម​លក់​គិត​ជា​បាច់ ​ដោយ​១០​បាច់ ប៉ាន់ស្មាន​ទៅ​ប្រហែល ​១​គីឡូក្រាម តម្លៃ​៥០០​រៀល ​ដែល​តម្លៃ​នេះ​ថេរ​តាំង​ពីដើម​មក​។ ​សម្រាប់​គ្រួសារ​លោក គឺ​យក​ទៅលក់​ផ្ទាល់​នៅ​ផ្សា​របឹង​ឈូក ក្នុង​ក្រុង​បាត់ដំបង ​ហើយ​វា​ត្រូវ​បាន​ម៉ូយ​យក​ទៅលក់​បន្ត នៅ​តាម​បណ្ដា​ស្រុក​មួយចំនួន​ ក្នុង​ខេត្តបាត់ដំបង ​ទៅ​ប៉ោយប៉ែត ​និង​ប៉ៃលិន​ជាដើម ។

លោក កែវ សំអាង បាន​បញ្ជាក់ថា ម្អម​ត្រូវ​បាន​គេ​យក​ទៅដាក់​ក្នុង​ស៊ុប ស្ល និង​ខ្លះទៀត ​បាន​យកទៅ​ធ្វើជា​អន្លក់​ស្រស់ (​ឆៅ​) ​បរិភោគ​ជាមួយ​ម្ហូប​មួយចំនួន​ និង​អាច​ធ្វើ​ឱសថ​ទៀតផង​ ហើយ​ពេលខ្លះ​មាន​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ​មក​កុម្ម៉ង់​ទិញ ១​កា​រ៉ុង​ ២​រ៉ុង ​ដាក់​ហាល​ឲ្យ​ស្ងួត ​យក​ទៅ​វិញ​ក៏មាន​។

កសិករ​ម្នាក់ទៀត​ឈ្មោះ លុយ សៀក រស់នៅ​ភូមិ ឃុំ​ខាងលើ​នេះដែរ ​បាន​លើកឡើងថា​ ដោយ​បច្ចុប្បន្ន លោក​ដាំ​ម្អម​ជា​លក្ខណៈ​គ្រួសារ ​មាន​ទំហំ​ក្បាលដី ​និង​បណ្ដោយ​ប្រមាណ ​២០​ម៉ែត្រ ដែល​ទំហំ​នេះ​អាច​ប្រមូល​ផល​លក់​បាន​ជាង ​១​លាន​រៀល​ ដោយ​ចំណាយ​ថ្លៃ​ពូជ​ត្រឹមតែ ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ​ហើយ​ពេល​អនាគត​លោក​នឹង​បន្ត​ជួល​ដី​គេ​ដាំ​បន្ថែម ​៣​ទៅ​៤​រ៉ៃ​ទៀត​។

លោក ​បាន​បញ្ជាក់ថា ពីមុន​លោក និង​ក្រុមគ្រួសារ​បាននាំគ្នា ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តែ​ដោយ​ឃើញ​អ្នកភូមិ​ជាមួយ​ ដាំ​ម្អម​កាក់កប ​ និង​មានតម្លៃ​សមរម្យ លោក​ក៏​ឈប់​ទៅ​ថៃ ​ហើយ​ទិញ​ពូជ​គេ​មក​ដាំ​។ ​លោក លុយ សៀក បាន​បន្ថែមថា ​បើ​ម្អម​លក់​បាន​តម្លៃ​ដូច​សព្វថ្ងៃ ​និង​មាន​ទីផ្សារ​រហូត លោក​នឹង​ឈប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​ទៀតហើយ ​ដោយ​ដាំ​ម្អម ​និង​ដំណាំ​វិល ជុំ​ផ្សេងទៀត ប្រកប​របរ​ចិញ្ចឹមជីវិត ។

គួរ​បញ្ជាក់ថា ​ការដាំ​ដំណាំ​នៅក្នុង​ភូមិ​ត្រស់ ឃុំ​អូរ​តា​គីរ ដាំ​ជា​លក្ខណៈ​គ្រួសារ ​មិនមាន​ជា​សហគមន៍​នោះទេ ​ហើយ​ប្រជាពលរដ្ឋ ​នៅក្នុង​តំបន់​នេះ​ដែល​មាន​ដី​អាច​ដាំ​ដុះ​បាន ក្រៅពី​ធ្វើស្រែ ​តាម​ផ្ទះ​ខ្លះ​ដាំ​ម្អម ជី ភ្លៅកង្កែប​ ត្រសក់ ននោង​ ត្រឡាច ​ល្ពៅ និង​សណ្ដែក​គូ​ជាដើម ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្នកខ្លះ​មាន​ដាំ​ដើម​គូលែន ​ដែល​បច្ចុប្បន្ន​វា​កំពុង​ចេញ​ផ្កា ​និង​ក្ដឹប ​ហើយ​នៅ​ពេល​ជិត​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ វា​នឹង​ទុំ​អាច​ប្រមូល​ផល​បាន ៕