ក្រុមហ៊ុន ម៉ុង ឫទ្ធី ​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល ​ប្រែ​រូប​​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​

168

ស្ទឹងត្រែង ៖ ​ ក្រុមហ៊ុន ម៉ុង ឫទ្ធី ស្ទឹងត្រែង ​បានប្រែក្លាយ​ដី​ដាំ​កៅស៊ូ​ ទៅ​ដាំ​ដំណាំ​ស្វាយ​ ដើម្បី​ធ្វើ​ការ​នាំ​ចេញទៅ​ក្រៅប្រទេស ​ដែល គម្រោង​នេះ​ រហូត​មកទល់​ពេលនេះ គឺ​ទទួល​បាន​ជោគជ័យ​។

ក្រុមហ៊ុន ម៉ុង ឫទ្ធី ស្ទឹងត្រែង គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ស្វាយ​ឲ្យ​ទៅជា​ផលិតផល​សម្រេច​ សម្រាប់​ធ្វើ​ការនាំចេញ ​ទៅ​ប្រទេស​ចិន ខណៈ​ក្រុមហ៊ុន​នេះ បាន​ពង្រីក​វិស័យ​កសិឧស្សហកម្ម​ផ្លាស់ប្ដូរ​ពី​ការ​ដាំ​កៅស៊ូ ​មក​ដាំ​ស្វាយ​វិញ ​ដើម្បី​ឲ្យ ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​មានការ​ងារ​ធ្វើ​។

លោក មិ​ល ពិសី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ការថែទាំ​ដំណាំ​ស្វាយ ​នៅ​ភូមិ​ឫទ្ធី​សែន​ជ័យ​សង្កាត់​សាមគ្គី ក្រុង​ខេត្តស្ទឹងត្រែង ​បាន​បញ្ជាក់ថា ​ដោយសារ​ស្ថានភាព​ដី​នៅ​ទីនេះ​មិន​អំណោយផល ​ចំពោះ​ដំណាំ​កៅស៊ូ ទើប​ក្រុមហ៊ុន​ បានប្រែក្លាយ​ទៅជា​ការ​ដាំ​ដុះ​ដំណាំ​ស្វាយ​វិញ ដោយ​ប្រើប្រាស់​ពូជ​ចំនួន​៩​ប្រភេទ​យក ​មកពី​ប្រទេស​ចិន​ ហើយ​ទទួល​បាន​ជោគជ័យ​ទៅតាម​ការ​គ្រោងទុក​។

លោក​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​បាន​ដាំ​៥០០​ហិកតា​បន្ថែមទៀត ​ហើយ​នៅពេល​ទទួល​បាន​ផល ពេញលេញ ​ក្រុមហ៊ុន​នឹង​សាងសង់​រោងចក្រ​កែច្នៃ​ផលិតផល​សម្រាប់​នាំចេញ ​និង ដើម្បី​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ នៅ ក្នុងស្រុក​ផង​។

លោក គូ ជុង អ្នកបច្ចេកទេស​ដាំ​ដុះ​ជនជាតិ​ចិន បាន​សាទរ​ចំពោះ​គោលការណ៍​សាងសង់​រោងចក្រ​កែច្នៃ​ផលិតផល ​ស្វាយ​នៅទីនេះ ព្រោះ​វា​នឹងធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​នាំចេញ និង លក់​បាន​តម្លៃ​ខ្ពស់ ​ចំណែក​កសិករ​តំបន់​នេះ ​ក៏​អាច​យក​ផល​ស្វាយ​ មក​លក់​ឲ្យ​ក្រុមហ៊ុន​បាន​ផង​ដែរ​។​

លោក​ បាន​អះអាងថា ​ការងារ​ដាំ​ស្វាយ​នេះ ​លោក​នឹង​ខិតខំ​រិះរក​បច្ចេកទេស ​ឲ្យ​ទទួល​បាន​ផល​ល្អ ដើម្បី​នាំចេញ​ទៅ​ ទីផ្សា​ធំៗ​នៅ​ប្រទេស​ចិន​ និង ផ្តល់​បច្ចេកទេស​ដាំ​ដុះ​ទៅ​កសិករ​ផង​។

ក្រុមហ៊ុន ម៉ុង ឫទ្ធី ស្ទឹងត្រែង ​បានទទួល​សិទ្ធ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ​នៅ​ឆ្នាំ​២០០១ ​សម្រាប់​ដាំ​កៅស៊ូ តែ​ផ្ទៃដី​នេះ ​មិន​អំណោយផល ​ទើប​ចាប់ពី​ឆ្នាំ​២០១៥​មក ​បាន​ប្តូរ​ទៅ​ដាំ​ស្វាយ​វិញ​ ហើយ​គិត​មកដល់​ដំណាច់ឆ្នាំ​២០១៧ ​ដាំ​បាន​៣០ ​ម៉ឺន​ដើម​ លើ​ផ្ទៃដី​៧០០​ហិកតា ​ហើយ​ឆ្នាំ​២០១៨​នេះ ​គ្រោង​ដាំ​ចំនួន​១០​ម៉ឺន​ដើម​បន្ថែមទៀត​ នៅលើ​ផ្ទៃដី​ដែល​ឈូស​ឆាយ​រួច ​ចំនួន ៥០០​ហិកតា​៕