ឆ្នាំ​២០១៨​នេះ ​ក្រុមហ៊ុន​ជិត​៣០​កុម្ម៉ង់ ​ទិញ​ម្រេច​កំពត​កែច្នៃ​នាំចេញ​ទៅ​អឺរ៉ុប

445

ភ្នំពេញ ​៖ នៅ​ឆ្នាំ​២០១៨​នេះ ​មាន​ក្រុមហ៊ុន​ប្រមាណ​៣០​ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​ជាមួយ​សមាគម​លើក​កម្ពស់ ​ម្រេច​កំពត ​ដើម្បី​ប្រមូល​ទិញ​កែច្នៃ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​ហើយ​ជាពិសេស​ទីផ្សារ​អឺរ៉ុប​ផ្ទាល់​តែ​ម្តង​។

លោក ងូ​ន ឡាយ ​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២ ​ខែ​កុម្ភៈ​នេះ​ថា​កាល​ពី​ឆ្នាំ​២០១៧ ​កន្លងទៅ​មាន​ក្រុមហ៊ុន​២១ ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​សមាគម​ លើកកម្ពស់​ម្រេច​កំពត ​ដើម្បី​ប្រមូល​ទិញ​កែច្នៃ​នាំចេញ​ ហើយ​ឆ្នាំ​២០១៨​នេះ​ ​មាន​ក្រុមហ៊ុន​ចំនួន​ ៨​ទៀត​បាន​ចុះ​ត្រា​ថ្មី​ សម្រាប់​បញ្ជា​ទិញ​ម្រេច​កំពត​ផង​ដែរ​។​

លោក​ បាន​បន្ត​ទៀត​ថា ​ ការ​ប្រមូល​ផល​ម្រេច​នៅ​ឆ្នាំ​២១០៧ ​បាន​ចំនួន​១០២​តោន​ និង​លក់​ចេញ​ក្នុង​នាម​ម្រេច​កំពត​បាន​ជាង ​៦០​តោន​ទៅ​ផ្សារ​អឺរ៉ុប ​ហើយ​ក្រៅ​ពីនេះ​មាន ​ទីផ្សារ អាមេរិក ជប៉ុន កូរ៉េខាងត្បូង តែ​វ៉ាន់​ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ។

លោក​ បាន​បញ្ជាក់ទៀតថា ​តម្លៃ​ម្រេច​កំពត​នៅ​មាន​ស្ថេរ ភាព​នៅឡើយ​មិន​ចុះថ្លៃ​នោះទេ​ ដោយ​ក្នុង​១​គីឡូ​ម្រេចស​ថ្លៃ ​២៨​ដុល្លារ ​ ម្រេចខ្មៅ ​១៥​ដុល្លារ ​មួយ​គីឡូ ​ និង​ម្រេច​ក្រហម​ថ្លៃ ២៥​ដុល្លារ​ក្នុង​មួយ​គីឡូ ដែល​មិន​ការ​ចុះ​ថ្លៃ​នោះទេ​។ ​ចំណែក ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​ម្រេច​សរីរាង្គ ​អូរ​ឆែ​ល​(ORCHEL ORGANIC FARM )​ នៅ​ខេត្តមណ្ឌលគិរី ​លោក ប៉ោ គង់ ​បាន​ថ្លែង​ឲ្យ​ដឹងថា ​ ឆ្នាំ​២០១៧​នេះ​ កសិដ្ឋាន​ម្រេច​សរីរាង្គ ​អូរ​ឆែ​ល ​របស់​លោក​នៅ​ខេត្ត​មណ្ឌលគិរី​ ប្រមូល​បាន​ក្នុង​រង្វង់​២០​ តោន ​ដោយបាន​នាំចេញ​ទៅកាន់​សហគមន៍​អឺរ៉ុប​ និង​ប្រទេស​កូរ៉េ ​ ប៉ុន្តែ​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ ​ទីផ្សារ​ម្រេច​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ ពោល​មិន​សូវមាន​ការបញ្ជាទិញ​ច្រើន​នោះទេ​។

លោក​ បាន​បន្តទៀតថា ​បច្ចុប្បន្ននេះ ​កសិករ​អ្នក​ដាំ​ម្រេច ​និង​អ្នក​វិនិយោគ​ខ្នាត​តូច​មិ​ន​ដឹង​ពី​ទីផ្សារ​ច្បាស់លាស់​ នោះទេ​ ហើយ​បញ្ហា​នេះ​ ធ្វើ​តម្លៃ​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ​ដែល​ខុសប្លែក​ពី​តម្លៃ​ម្រេច​នៅ​ប្រទេសជិតខាង​មានតម្លៃ​ខ្ពស់​ជាង​កសិករ​ខ្មែរ​អ្នក​ដាំ​ដុះ​ផ្ទាល់​។

សម្រាប់ ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ប្ដេជ្ញា​ថា ក្រសួងពាណិជ្ជកម្ម​មិន​ត្រឹមតែ​ជំរុញ​ម្រេច​កំពត​ប៉ុណ្ណោះ​ទេ ​គឺ​ឲ្យ​តែ​កសិផល​ខ្មែរ និង​អ្នក​វិនិយោគ​ដាំ​ដុះ​ម្រេច​ក្នុងស្រុក​ដែល​ផលិតផល​ជា​វេច​ខ្ចប់​ជា ម្រេច ​ស្វាយចន្ទី ចេក ​និង​ផលិតផល​ជាច្រើន​ទៀត​។

ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​កំពុងតែ​ចរចា​ជាមួយ​ភាគី​ចិន​ ដើម្បី​សុំ​ការ​ឯកភាព​នាំចូល​ទៅ​ចិន ​ដោយសារ​ភាគី​ទាំងពីរ​មាន​កិច្ចព្រមព្រៀង​នូវ​ពិធីសារ​រវាង​កម្ពុជា​-​ចិន​ផងដែរ​៕