សំណុំរឿង​បាញ់សម្លាប់​មន្ត្រី​អភិរក្ស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី ​ត្រូវ​បាន​បំបែក​ទាំងស្រុង​ហើយ​

103

ភ្នំពេញ​៖ នៅ​ទីបំផុត​សំណុំរឿង​ឃាតកម្ម​ដ៏​ធំ​មួយ ដែល​កក្រើក និង​ភ្ញាក់​បំផុត​នៅ​ដើម​ឆ្នាំ​២០១៨​នេះ ត្រូវ​កម្លាំង​នគរបាល​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បំបែក​បាន​ដោយ​ជោគជ័យ នៅ​ត្រឹម​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ដោយ​ចាប់​បាន​ជនដៃដល់ និង​ជន​ពាក់ព័ន្ធ​សរុប​៦​នាក់ ដោយមាន​មេក្លោង​ជា នាយប៉ុស្ដិ៍​អូ​ររ​លែ ឈ្មោះ ផល ពេញ​។​

ប្រតិបត្តិ​ដ៏​ក្ដៅគគុក​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​មណ្ឌលគិរី និង​កម្លាំង​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ខណៈ​នោះ ឃាត់​ខ្លួន​ជនដៃដល់ និង​ជន​ពាក់ព័ន្ធ​ទាំង​៦​នាក់ រួមមាន​ ​ទី​១.ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូ​ររ​លែ នៃ​វរ​ការពារ​ព្រំដែន​លេខ​៦២១ ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​០២ ខែកុម្ភៈ ស្ថិតនៅ​ហាង​គុយទាវ​មួយកន្លែង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នកបាញ់​ផ្ទាល់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​, ទី​២. ឈ្មោះ កើត វេហា ហៅ​ឆៃ ជា​ទាហាន​ការពារ​ព្រំដែន ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែមករា ជា​ជន​ពាក់ព័ន្ធ​, ទី​៣.ឈ្មោះ កើត វេ​តា ជា​ទាហាន​ការពារ​ព្រំដែន​, ទី​៤.ឈ្មោះ ឡាយ សា​វី ជា​ទាហាន​ការពារ​ព្រំដែន​, ទី​៥.​ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ ដែល​អ្នក​ទាំង​៣​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​០១ ខែកុម្ភៈ​, ទី​៦.​ឈ្មោះ ឈាង វ៉ាន់​និ​ត ប្អូនថ្លៃ ផល ពេញ ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

ដោយឡែក​ជនរងគ្រោះ​ទាំង​៣​នាក់ ជា​មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​, មន្ដ្រី​ឧទ្យានុរក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញពី​បទល្មើស​ព្រៃឈើ​។​

សូម​បញ្ជាក់ថា ការ​បាញ់ប្រហារ​នេះ បានកើត​ឡើង​នៅ​ចំណុច​ប៉ុស្តិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​៕​