ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិឡាវ៥នាក់ ហែកគុករត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង

165

ភ្នំពេញៈ អ្នកទោសជនជាតិឡាវចំនួន០៥នាក់ ដែលជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាប់ឃុំនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានហែកគុករត់ចេញ តាមរបងដែលកំពុងតែជួសជុលកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ចំណែកឆ្មាំពន្ធនាគារបានផ្ទុះអាវុធដេញតាមចាប់អ្នកទោសទាំងអស់នោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ពន្ធនាគារខេត្តស្ទឹងត្រឺង គឺមានទីតាំងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បើតាមសេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា ខណៈអ្នកទោសកំពុងតែងូតទឹក បន្តិចក្រោយមកក៏ស្រាប់តែមានការអ្នកទោសបានលួចរត់ចេញពីពន្ធនាគារតាមរបងដែលកំពុងតែជួសជុល។ ហើយអ្នកទោសទាំងនោះ បានរត់ចេញមកខាងក្រៅដោយខ្លះរត់ចូលផ្ទះប្រជាពលរដ្ឋ និងខ្លះរត់តាមផ្លូវ ដោយសមត្ថកិច្ច និងឆ្មាំពន្ធនាគារ រត់ដេញប្រសាចផ្អើលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។

ការធ្វើឲ្យអ្នកទោសលួចរត់ចេញពន្ធនាគារនេះ មានការរិះគន់ទៅលើមន្រ្តីអនុរក្សពន្ធនាគារដែលមានការធ្វេសប្រហែស។
ចំណែកលោកចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា អ្នក​ទោសទាំង​៥​នាក់នោះ ត្រូវ​បាន​ចាប់​យក​មក​ដាក់​ពន្ធនាគារ​វិញ។

ក្នុងចំណោម៥នាក់នោះមាន​៣​នាក់ត្រូវ​បាន​តុលាការកាត់​ទោសរួច​ហើយ និង​២នាក់​ទៀតកំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការនៅឡើយ។