ខុនដូ​ចំនួន​១៧​គំរោង​ទៀត​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ​នេះ​

76

ភ្នំពេញ៖ ការ​ផ្គត់ផ្គង់​ខុនដូ​បាន​ និង​កំពុង​បន្ត​កើន​ឡើង​យ៉ាង​គំហុក ​ដោយ​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​ចំនួនខុនដូ​១៧​គំរោង​ទៀត​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ​នេះ​។

យោង​តាម​ការ​សិក្សា​របស់​ក្រុម​ហ៊ុន​CBRE Cambodia ដែល​បាន​បង្ហាញ​កាល​ពី​សប្តាហ៍​មុន​បាន​រក​ឃើញ​ថា​ មានខុនដូ​ចំនួន ​១៧ ​ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​អំឡុង​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​ ខណៈ​កាល​ពី​ឆ្នាំ​មុន​ចំនួន​ខុនដូនៅក្នុង​ទីក្រុង​ភ្នំពេញ ​មាន​ចំនួន​៨៦០០​បន្ទប់​គិត​មក​ដល់​ឆ្នាំ​២០១៧។​ នៅ​ក្នុង​ឆ្នាំ​២០១៧​មាន​ខុនដូ​ចំនួន​៩ ​បាន​ប្រកាសសាង​សង់​។

ចំណែក​ឯ​តម្លៃ​របស់​ខុនដូ​ត្រូវ​បាន​ធ្លាក់​ចុះ​១១​ភាគរយ ​សម្រាប់​ខុនដូ​ខ្នាត​មធ្យម ​និង​៤​ភាគរយ​សម្រាប់​ខុនដូ​ខ្នាត​កណ្តាល​ ក៏​ប៉ុន្តែ​តម្លៃ​សម្រាប់​ខុនដូ​ខ្នាត​ខ្ពស់​ មាន​ការ​កើន​ឡើង​រហូត​ដល់​៣​ភាគរយ​។​ ការ​សិក្សា​បាន​រក​ឃើញ​ផងដែរ​ថា ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​អត្រា​ជួល​មាន​ការ​ធ្លាក់​ចុះ​សម្រាប់​ខុនដូ​។

អ្នកនាង ​អាន​ សុធីតា ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុម​ហ៊ុន​CBRE Cambodiaបាន​ថ្លែង​ថា ទីផ្សារ​ខុនដូ​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន​ ដែល​ធ្វើ​ឲ្យ​តម្លៃ​ខុន​ដូបាន​ធ្លាក់​ចុះ​បន្តិច​បន្តួច ​ប៉ុន្តែ​មិន​មាន​សញ្ញា​នៃ​ហានិភ័យ​ខ្លាំង​ក្នុង​វិស័យ​នេះ​ទេ។​ អ្នក​នាង​បាន​បន្ត​ថា​ ធៀប​ជា​មួយ​អាផាតម៉ិន​ដែល​ដាក់​ជួល​ និង​គំរោង​បញ្ចប់​ការ​សាងសង់​កើន​ឡើង​ផង​ដែរ​ ជាហេតុ​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​កើន​ឡើង​។

ការ​សិក្សា​របស់​ក្រុមហ៊ុន​ VTRUST Appraisal បាន​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ផង​ដែរ​ថា ​ចំនួន​ខុនដូ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជិត​៦​ម៉ឺន​យូនីត​ ភាគ​ច្រើន​ជា​ខុនដូ​ដែល​មាន​ទីតាំង​នៅ​រាជ​ធានី​ភ្នំពេញ​។

អគ្គ​នាយក​ក្រុម​ហ៊ុន​Century21Mekong​លោក​ច្រឹក​ សុខ​នីម​បាន​ថ្លែង​ថា ​ទីផ្សារ​ខុនដូ​មាន​សភាព​ធម្មតា ​គ្រាន់​តែដំណើរ​ការ​លក់​មាន​ភាព​យឺត​យ៉ាវ​ជាង​មុន​បន្តិច ​ប៉ុន្តែ​ចំនួន​នៃ​ការ​លក់​នៅ​តែ​កើន​ឡើង ​ពិសេស​ខុនដូ​ដែល​មាន​តម្លៃ​មធ្យម​ និង​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​។

លោក​បន្ត​ថា​ “និន្នាការ​ទិញ​ខុន​ដូ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើន​ឡើង​ ដោយ​បច្ចុប្បន្ន​ខុនដូ​ ៣០​ភាគរយ​ ត្រូវបាន​ទិញ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​៧០​ភាគរយ​គ្រប់​គ្រង​ដោយ​ជន​បរទេស​”៕