ក្រសួងកសិកម្ម​ជំរុញ​ផលិតកម្ម​ស្វាយចន្ទី​ ខណៈ​វៀតណាម​មាន​ផែនការ​បញ្ជា​ទិញ​ច្រើន​ពី​កម្ពុជា

276

ភ្នំពេញ ៖​ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ជំរុញ​ឲ្យ​កសិករ​អ្នក​ដាំ​ដុះ​ចន្ទី​ឲ្យ​​បាន​ច្រើន​ដើម្បី​​បម្រើ​ដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស ​ហើយ​បច្ចុប្បន្ននេះ ​សមាគម​ស្វាយចន្ទី​មកពី​ប្រទេស​​វៀតណាម​ ខាង​កំពុងតែ​ចរចា​ទីផ្សារ​ និង​ជំរុញ​ការ​ដាំដុះ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹងថា ​ដោយ​ពិនិត្យ​ឃើញ​សក្ដានុពល​នៃ​ដំណាំ​ស្វាយចន្ទី​ និង​តម្រូវការ​ទីផ្សារ​មានការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ក្រសួងកសិកម្ម​ថ្មីៗ​នេះ​ បាន​ចុះហត្ថលេខា​ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម​ស្តីពី​ការ​ជំរុញ​ផលិតកម្ម​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧​ ខែមករា ​ឆ្នាំ​២០១៨​ កន្លងទៅនេះ​។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ថ្លែងថា​ សមាគម​ស្វាយ​ចន្ទី​វៀតណាម​ បាន​យល់ព្រម​ផ្ដល់​បច្ចេកទេស ​ពូជ​ និង​ប្រមូល​ទិញ​ស្វាយចន្ទី​ពី​កម្ពុជា​នៅ​តាម​សហគមន៍​ កសិកម្ម​ដោយ​អនុវត្ត ​តាម​គោលការណ៍​ផលិតកម្ម​តាម​កិច្ចសន្យា ​​សម្រាប់​នាំចេញ​ផង​ដែរ​។

ឯកឧត្តម​ បាន​បន្តទៀតថា​ ការធ្វើ​ដូច្នោះ​ ដើម្បី​បង្កើន​ការ​ដាំដុះ​ស្វាយចន្ទី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ទើប​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​បាន​ណែនាំ​ឲ្យ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួងកសិកម្ម​និង​មន្ទីរ​​កសិកម្ម​តាម​បណ្តា​ខេត្ត​ពិនិត្យ​ពី​សក្តានុពល​ និង​កំណត់​តំបន់​ដាំ​ដុះ​សម្រាប់​កសិករ​ក៏​ដូ​ច​ជា​ការ​តភ្ជាប់​ទីផ្សារ​។

លើសពីនេះ​ ឯកឧត្តម​ បន្ថែមថា​ មន្ទីរ​​កសិកម្ម​ខេត្ត​ត្រូវតែ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​កសិករ​ និង​សម្រប​សម្រួល​ជាមួយ​សមាគម​ចន្ទី​វៀតណាម ​ហើយ​ត្រូវ​ណែនាំ​ដល់​ផ្សព្វផ្សាយ​ដល់​ឲ្យ​បាន​ទូលាយ​ដល់​ក្រុម​កសិករ​ និង​សហគមន៍​កសិកម្ម​ព្រមទាំង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ចូលរួម​បង្កើន​ផលិតផល​ដំណាំ​ស្វាយចន្ទី​និង​ការ​ជំរុញ​ទីផ្សារ​នាំចេញ​។​

យោងតាម​តួលេខ​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​​បង្ហាញថា ផលិតផល​ស្វាយចន្ទី​សរុប​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​2017 ​មាន​ចំនួន 10​ម៉ឺន 4 ពាន់ 268 តោន ​។ សម្រាប់​ ការនាំចេញ​ផ្លូវការ ​តាម​របាយការណ៍​រប​ស់​អគ្គ​នាយកដ្ឋាន​កសិក​ម្ម​នៅ​ឆ្នាំ​2017​ មាន​ចំនួន 7​ម៉ឺន 0 420 តោន ទៅ​ប្រទេស​វៀតណាម ​ធៀប​កាលពី​ឆ្នាំ​២០១៦ ​កើនឡើង 98,8%