សណ្ឋាគារ ​Rosewood លំដាប់​ពិភពលោក​ នឹង​បើក​ដំណើរការ​នៅ​ចុងខែ​កុម្ភៈ​នេះ

181

ភ្នំពេញ ៖ ​សណ្ឋាគារ​ Rosewood ​កម្រិត​ផ្កាយ​ប្រាំ​លំដាប់​ពិភពលោក ​នឹង​បើក​ដំណើរការ​នៅ​ទីក្រុង​ភ្នំពេញ ​នា​ថ្ងៃទី​២៨ កុម្ភៈ​ខាងមុខ​នេះ​ហើយ ​បន្ទាប់ពី​ការ​បណ្តុះបណ្តាល​បុគ្គលិក​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ​។

សណ្ឋាគារ​ Rosewood ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នេះ ​នឹង​បើក​ដំណើរការ​នៅ​ផ្នែក​នៃ​ជាន់​ខាងលើ​អាគារ ​Watanac Tower ​ដែល​ជា​អគារ​ដ៏​ទាក់ទាញ ​និង​ទទួល​បាន​ពានរង្វាន់​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​។

អ្នកនាង​ Hanny Wahyuni Gunawan​ នាយក​ផ្នែក​ទំនាក់ទំនង​ នៃ​សណ្ឋាគារ​ Rosewood ​នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​​ថា ​សណ្ឋាគារ​នេះ​ មាន​បន្ទប់​ចំនួន​១៧៥ ​ក្នុងនោះ​មាន​បន្ទប់​បែប​VIP​ ចំនួន​៣៧​បន្ទប់ ដែល​រចនា​ ដោយ​គោរព​តាម​បរិបទ​វប្បធម៌​កម្ពុជា​ ដែល​បន្ទប់​នីមួយៗ​អាច​គយគន់​ទេសភាព​ក្រុងភ្នំពេញ​បាន​។ ​អ្នកនាង ​បន្តថា ​កម្ពុជា​ជាទី​តាំង​ដែល​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍ ដែល​កំពុង​មាន​ការ​កើនឡើង​នៅ​ប្រទេស​នេះ ​ហើយ​ការ​មកដល់​នូវ​សេវាកម្ម ​ដែល​មាន​កេរ្តិ៍ឈ្មោះ ​ល្បីៗ​ ពី​បរទេស​កាន់​តែច្រើន​នឹង​ជួយ​លើកមុខ​មាត់​ប្រទេស​នេះ​ ស្រប​ពេល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ និង​ការ​តភ្ជាប់​ផ្លូវ​អាកាស​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។

សណ្ឋាគារ​នេះ ត្រូវបាន​នាំមក​ដោយ​អ្នក​វិនិយោគ​អចលនទ្រព្យ​កម្ពុជា ​គឺ​ក្រុមហ៊ុន​ Vattanac Properties ​និង​គ្រប់គ្រង​ដោយ ​Rosewood ​ភ្នំពេញ​។​

អ្នកនាង​ Hanny Wahyuni Gunawan​ បាន​បន្តថា “​ឧស្សាហកម្ម​សណ្ឋាគារ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​រីកចំរើន ដែល​ធ្វើ​ឲ្យ​អត្រា​ប្រើប្រាស់​បន្ទប់​នៅ​តែមាន​ការ​កើនឡើង​”​។​អ្នកនាង​ បន្តថា “​ការ​ចូល​មកដល់​នូវ​អចលនទ្រព្យ ​ដែល​មាន​ភាព​ស៊ីវិល័យ​កំពុង​ត្រូវ​បាន​ពង្រីក​ នៅតាម​ផ្នែក​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្តសៀមរាប ​ដែល​នឹង​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេស​នេះ​ លេច​មុខ​លេច​មាត់​លើ​ការ​ធ្វើ​ដំណើរ និង​ស្តង់ដារ​បដិសណ្ឋារកិច្ច​កា​ន់​ តែ​មាន​កម្រិត​ខ្ពស់​”​។

បន្ទប់​សណ្ឋាគារ និង​រមណីយដ្ឋាន ​Rosewood​ មាន​តម្លៃ​ចាប់ពី​២៥០​ដុល្លារ​ឡើង​ទៅ ​ដោយ​មិន​រួមបញ្ចូល​នូវ​ពន្ធ​នៅឡើយ​ទេ​។

​Rosewood​ មាន​ទំនុក​ចិត្ត​ចំពោះ​ទីផ្សារ​នេះ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចល ​ន​ទ្រព្យ​កម្ពុជា ​Vattanak Capital ​នឹង​ដំណើរការ​សណ្ឋាគារ​ Rosewood &Resorts ​នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ​ផងដែរ​៕