មេ​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ​ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ ​និង​ធ្វើតេស្ត​លើ​ផលិតផល​ម្ហូបអាហារ​ក្នុង​ផ្សារ​ត្រី

57

បន្ទាយមានជ័យ ៖ ​ដោយសារ​បុណ្យចូលឆ្នាំ​ចិន​កាន់តែ​ជិត​ចូល​មកដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​ខ្សែ​ចិន​សម្រុក​ទិញ​ទំនិញ​ម្ហូបអាហារ​យក​ទៅ​សែន​ មន្ត្រី​​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ ​បាន​​ចុះ​ពិនិត្យ ​និង​ធ្វើតេស្ត លើ​ផលិតផល​ម្ហូបអាហារ ​ដែល​គ្មាន​គុណភាព ​និង​អនាម័យ​ដែល​ហួស​សុពលភាព​ប្រើប្រាស់​នៅ​ផ្សារ​ត្រី​ ក្រុង​ប៉ោយប៉ែត។

ការ​ចុះ​ពិនិត្យ​នេះ ​ធ្វើឡើង​​​ នៅ​​ព្រឹក​ថ្ងៃទី​៦ ​កុម្ភៈ ឆ្នាំ ២០១៨​ ដើម្បី​លើក​កម្ពស់​សុខុមាលភាព​ប្រជា​ពលរដ្ឋ អ្នកប្រើប្រាស់ ​និង​អ្នក​ទទួលទាន ​ ក្រោម​ការ​សម្របសម្រួល​របស់​លោក​ មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ​។

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ​ដែល​ទើប​ទទួល​តំណែង​ថ្មី​បាន​លើក​ឡើងថា ​សាខា​កាំកុងត្រូល​ចុះ​អប់រំ​ និង​ផ្សព្វផ្សាយ​គឺ​មាន​គោលបំណង​តែមួយគត់​គឺ​ចង់​ឲ្យ​​ពលរដ្ឋ​ ដែល​ជា​អ្នក​ទទួលទាន​បរិភោគ​អាហារ​ដែល​មាន​គុណភាព​ល្អ​ និង​មាន​អនាម័យ​។

លោក​ បាន​បញ្ជាក់ថា​ មាន​ទំនិញ​ហាមឃាត់​មួយ​ចំនួន​ដែល​ផលិត​នៅ​ក្រៅ​ស្រុក​ ហើយ​បច្ចុប្បន្ន​កំពុង​ ចរាចរណ៍​នៅ​លើ​ទីផ្សារ​ នៃ​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ក្រុង​ប៉ោយប៉ែត ​ដែល​មាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ក៏​ជាទី​ផ្សារ​ចរាចរណ៍​នៃ​ទំនិញ​ទាំងនោះ​ផងដែរ​។​ដូច្នេះ​ការ​​ចុះ​ផ្សព្វផ្សាយ​នេះ​ គឺ​បង្កើន​ការ​យល់ដឹង​ដល់​អ្នកលក់​និង​អ្នក​ទទួលទាន​ ។ ​ជាក់ស្តែង​នៅថ្ងៃនេះ​ មន្ត្រី​ជំនាញ​របស់​លោក​ បា​ន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ​ចុះមក​ធ្វើតេស្ត​បឋម ​(Test Kit) ​ទៅលើ​ចំណីអាហារ ​បរិភោគ​ប្រចាំ​ថ្ងៃ ​របស់​បងប្អូន​ប្រជា​ពលរដ្ឋនៅក្នុង​ផ្សារ​ដើម្បី​រក​សារធាតុ​ហាមឃាត់​ ដូចជា​ ៖ ដែល​នាំ​មកពី​ប្រទេស​ថៃ​ មឹក បង្គា សរសៃ​គុយទាវ ​សណ្ដែក​បណ្ដុះ ​ជ្រួក​ស្ពៃ ​និង​ចំណីអាហារ​ផ្សេងៗ​មួយ​ចំនួន​ទៀត ​ហើយ​នៅក្នុង​ឱកាស​នោះ​ មន្ត្រី​ជំនាញ​ក៏បាន​ស្វែងរក​ការ​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​ខេត្ត​នូវ​។

មន្ត្រី​កាំកុងត្រូល​ប្រមូល បាន ​៖ កម្ទេច​មី នំ ទឹកក្រូច​ដប​តូចធំ​ ម្សៅ​គោ​ជល់ ​និង​មុខទំនិញ​ចម្រុះ​ជាច្រើន​មុខ​ទៀត​។

សូមបញ្ជាក់ថា ​៖ ក្នុងការ​ធ្វើតេស្ត​បឋម (Test Kit) ​លើ​ចំណីអាហារ​បរិភោគ​មួយ​ចំនួន ​នៅក្នុង​ផ្សារ​ត្រី​ មន្ត្រី​ជំនាញ​មិនបាន​រក​ឃើញ​សារធាតុ​ហាមឃាត់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​នោះទេ ​ ក្នុងនោះ​និង​បាន​យក​មើម​ខ្ទឹមស​ យក​ទៅ​ពិនិត្យ​នៅ​ឡា​ប៉ូ ៕