កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​សារធាតុ​គីមី​លើ​គ្រឿង​ឧបភោគ​បរិភោគ

67

ស្វាយរៀង ៖ ​គ្រឿងទេស បន្លែ ប្រហុក ផ្អក ត្រីងៀត និង គ្រឿង​វេច​ខ្ចប់​ជាច្រើន​មុខ​ផ្សេងទៀត ដែល​កំពុង​ដាក់លក់ ​នៅក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ត្រូវ​បាន​នាំយក​ទៅ​ធ្វើការ​ត្រួតពិនិត្យ តាម​ប្រព័ន្ធ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ទំ​នើបកម្ម ដើម្បី​ស្វែងរក​សារធាតុ​គីមី បញ្ចៀស​ការបំផ្លាញ​សុខភាព​ចំពោះ​អ្នក​ហូបចុក​។

មន្ត្រី​សាខា​កាំកុងត្រូល សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តស្វាយរៀង ​កាលពី​ម្សិលមិញ បាន ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​គ្រឿង​ឧបភោគបរិភោគ មាន ត្រីងៀត ប្រហុក ផ្អក បន្លែ ផ្លែឈើ ត្រី​សាច់ និង គ្រឿង​សមុទ្រ ដើម្បី​ស្វែងរក​សារធាតុ​គីមី​នៅលើ​ផលិតផល​ទាំងនោះ និង ​ធ្វើការ​ដកហូត អប់រំ​ដល់​អ្នកលក់ ដូរ សំដៅ​ធ្វើការ​បញ្ចៀស​ដល់​អ្នកទិញ​ទៅ​ប្រើ​ប្រាស់​ហូបចុក ​ដែល​នាំ​ឲ្យ​ប៉ះពាល់​អន្តរាយ​ដល់​សុខភាព​។

លោក ផាត សាវុធ​ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ប្រាប់​BTV​ថា​ ក្នុងពេល​ប្រតិបត្តិការ ឆែក​រកសារ​ធាតុគីមី​នៅ​លើ​ផលិតផល​ទាំងអស់នោះ ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​សារធាតុ​ផ្ទុក​នៅក្នុង ​បន្លែ ចំនួន​ពីរ​មុខ ដែល​ផ្ទុក​ដោយ​ម្សៅ​ពណ៌​នៅ​លើ​ត្រយូងចេក ​និង សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​កា​ឆាយ ក្នុង ចំណោម​គ្រឿងទេស បន្លែ ផ្លែឈើ ត្រី​សាច់ និង ​គ្រឿង​ឧបភោគ​បរិភោគ ចំនួន​៣៨​មុខ​។

តាមរយៈ​ការ ត្រួតពិនិត្យ​នេះ លោក​អនុប្រធាន​សាខា បានបញ្ជាក់​ អះអាងថា ​ផលិតផល​ដែល​តាំង លក់​នៅ​ក្នុង​ផ្សារ​វាល​យន្ត ខេត្តស្វាយរៀង​ ភាគច្រើន​ គឺជា​ផលិតផល​ល្អ ​និង មានគុណ​ភាព នៃ​កាល បរិច្ឆេទ ​ត្រឹមត្រូវ ​និង ប្រើប្រាស់​បាន​។

​​ក្នុងនាម​សាខា​កាំកុងត្រូល លោក ផាត​ សាវុធ ​បានស្នើ​ដល់​ប្រជាពលរដ្ឋ ​ដែល​ទិញ​ផលិតផល ត្រូវ​ត្រួតពិនិត្យ​កាល​បរិច្ឆេទ​ និង គុណភាព​ ដើម្បី​ចៀស​ផុត​ពី​ការ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​៕