លោក ប្រាក់ សុវណ្ណារ៉ា កំណត់​កីឡាករ​ជម្រើស​ជាតិ​រួចរាល់ ក្រោយ​ទទួល​បាន​ឱកាស​ដឹកនាំ​ក្រុម​គោព្រៃ​ជាថ្មី

50

បាល់ទាត់៖ ទោះបី​លីហ្គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ថ្មី​មិនទាន់​ចាប់ផ្ដើម​ការប្រកួត​ក៏​ពិត​មែន ប៉ុន្តែ​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​តែងតាំង​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ម្ដងទៀត អតីត​គ្រូ​បង្វឹក​ក្រុម​ណាហ្គា​វើ​ល​នេះ​បាន​កំណត់​មុខសញ្ញា​ សមាជិកក្រុម​ជម្រើស​ជាតិ​រួចរាល់​ហើយ ដើម្បី​ត្រៀម​ប្រកួត​បង្គ្រប់​កិច្ច​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី AFC Asian Cup 2019 នា​ចុងខែ​មីនា​ខាងមុខ។

កាលពី​ម្សិលមិញសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ដោយ​ប្រកាស តែងតាំង​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម ប្រកួត​ជម្រុះ​ចុងក្រោយ​ក្នុង​ពូ​ល​C នៃ​ពានរង្វាន់ AFC Asian Cup 2019 ដោយ​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាននៅ TAJIKISTAN នា​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៨ ដែល​ជា​ការប្រកួត​បង្គ្រប់​កិច្ច​ដូចគ្នា បន្ទាប់ពី​ឆ្លង​កាត់ ៥​ប្រកួត​កន្លងមក​ទើប​រក​បាន ៣​ពិន្ទុ​ប៉ុណ្ណោះ។ ក្រោយ​ទទួល​បាន​ដំណឹង​ល្អ​នេះ លោក ប្រាក់ សុវណ្ណារ៉ា បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ដែល​សហព័ន្ធ​ផ្ដល់​ឱកាស​ឲ្យ​លោក​ជាថ្មី ស្រប​ពេល​​កីឡាករ​ត្រូវ​ជ្រើសរើស លោក​បាន​កំណត់​អត្តសញ្ញាណ​រួចរាល់​ហើយ នៅឡើយ​តែ​ការតាមដាន​ពី​បញ្ហា​សុខភាព ឬ​របួសមុន​ការ​ជ្រើសរើស​ប៉ុណ្ណោះ។

តែ​អ្វី​ដែល​ពិសេស​ក្នុង​បញ្ជី​កីឡាករ​ជម្រើស​ជាតិ​របស់​លោក​ មាន​កីឡាករ​ឆ្នើម​ៗ ៤​រូបដែល​បាត់​មិនបាន​រួមមាន​កីឡាករ ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ដែល​កំពុង​ប្រកប​អាជីព​នៅ​លីហ្គ​កំពូល​ម៉ាឡេស៊ី។​ សូម​រំឭក​ថា នេះ​គឺជា​លើក​ទី​៤ ហើយ ដែល​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ខណៈ​លោក​ទី​១ លោក​ធ្លាប់​ដឹកនាំ​កាលពី​ឆ្នាំ​២០០៨, លើក​ទី​២ ឆ្នាំ​២០១៣ និង​លើក​ទី​៣ កាលពី​ចុង​ឆ្នាំ​២០១៧ ដោយ​សហព័ន្ធ​បាន​តែង​តាំង​លោក ​ជំនួស​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​លោក Leonardo Vitorino ដែល​សហព័ន្ធ​បាន​បញ្ចប់​កុងត្រា​មុន​កាលកំណត់ ហើយ​បាន​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ខ្លាំង​ហ្សកដានី​ លើទឹក​ដី​ខ្លួន​ក្នុង​លទ្ធផល ១-០ ទៀត​ផង​៕
​អត្ថបទ៖ លី ឈុន​ឡា