នគរបាល​ចរាចរណ៍​ម្នាក់​ ដែលជា​អ្នក​ជួយសង្គ្រោះ​ បាន​បាត់បង់​ជីវិត​ខ្លួនឯង​

312

កំពង់ឆ្នាំង ​៖ នគរ​​បាល​ចរាចរណ៍​ម្នាក់​ ដែល​ជា​អ្នក​ជួយសង្គ្រោះ​ត្រូវ​បាន​បាត់បង់​ជីវិត​ខ្លួនឯង ​ខណៈដែល​បាន​ចេញទៅ​សង្គ្រោះ​ជនរងគ្រោះ​ថ្នាក់ ចរាចរណ៍​ពីរ​នាក់​ប្តី-​ប្រពន្ធ​ ​រវៀង​រថយន្ត​ និង​រថយន្ត​ បុក​ពីក្រោយ ។

ហេតុការណ៍​នេះ​​ បានកើត​ឡើង ​នៅវេលា​ម៉ោង​២​និង​៣០​នាទី​ ឈាន​ចូល​ថ្ងៃទី​៧​​ ខែកុម្ភៈ ​២០១៧​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​ លេខ​៨៣​ និង​៨៤​ ​​ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​ក្រុង​ និង​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​ ដែលចុះ​ដល់​កន្លែង​កើត​ហេតុ​ បាន​និយាយ​ថា​ ជនរងគ្រោះ​មានឈ្មោះ ​វង្ស​វាសនា​ អាយុ​២៦ ​ឆ្នាំ​មាន​ឋានន្តរសក្ដិ ​អនុសេនីយ៍ទោ ​ក្នុង​អង្គភាព​ចរាចរណ៍​ផ្លូវ​គោក​​នៃ​ស្នងការ​នគរ​បាល​ខេត្តកំពង់ឆ្នាំង ​និង​ជា​កូន​ទី​២ ​ក្នុង​គ្រួសារ​ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​បឹង​សាឡាង​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួលគោក​ ក្រុងភ្នំពេញ ។

ស្នងការ​រង​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ ទទួលបន្ទុក​ផ្នែក​ចរាច​រណ៍​ផ្លូវគោក​ខេត្ត​លោក​វរៈសេនីយ៍​ឯក កេត ​យ៉ុង ​បានឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុង​ស្រុក​រលាប្អៀរ ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រ​វៀង​រថយន្ត​ដឹក​កន្ទេល​បាន​ បើក​បុក​ពីក្រោយ​រថយន្ត​ ដឹក​ស្រូវ​មួយ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​លើកដាក់​ស្រូវ ​បណ្តាល​អោយ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​បាក់​ដៃ​ដោយ​សារ​​រងចាំ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​​ពេទ្យ​យូរ​​ពេក ។

ប្រភព​ពី​សមត្ថកិច្ច​ ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​ បានឲ្យ​ដឹង​ទៀតថា ​ក្រោយពេល​កើតហេតុ​កម្លាំង​នគ​រ​បាល​ចរាចរណ៍​ បាន​ចេញ​អន្តរាគមន៍​ និង​បាន​ដឹក​យក​ជនរងគ្រោះ​ទាំង​ពី​រ​នាក់​ប្តី​ប្រពន្ធ​តាម​រថយន្ត​សា​រ៉ែ​ន​មកកាន់​មន្ទី​រពេទ្យ​ខេត្ត​ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​ ​ក៏​បាន​ជួប​គ្រោះថ្នាក់​ ​ចរាចរណ៍​ម្តង​ទៀត ​ខ​ណៈ​ដែល​រថយន្ត​សា​រ៉ែ​ន​ បាន​ផ្ទុះ​កង​មុខ​ផ្នែក​ខាងឆ្វេង​រេ​ចង្កូត​មក​ខាងឆ្វេង​បុក​គល់ឈើ​លូ​ និង​តូប​លក់ដូរ​​នៅ​ចិញ្ចើម​ផ្លូវ​ធ្វើ​អោយ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាល​អោយ​នគ​រ​បាល​ចរាចរណ៍ ​ខាងលើ​ជា​អ្នកបើកបរ​បែក ក្បាល​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ ។ចំណែក​​ជនរងគ្រោះ​ជា​ប្តី​ ​ជិះ​ក្នុង​រថយន្ត​នគ​រ​បាល​រង​របួស​បាក់​ភ្លៅ​ខាង​ស្តាំ​ ប្រពន្ធ​រង​របួស​បាក់​ដៃ ​ជាច្រើន​កំណាត់ ​និង​បាន​កៀប​ជាប់ ​ក្នុង​រថយន្ត ​ដោយ​ប្រើ​រយៈពេល​យូ​រទៀប​គាស់​ចេញពី​ក្នុង​រថយន្ត​ដឹក​បន្ត​ទៅ​មន្ទីរ​​ពេទ្យ​ខេត្ត​ ។ ដោយឡែក​សាកសព​នគ​រ​បាល​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​​ពេទ្យ​ខេត្ត​ យក​ទៅ​លំនៅឋាន​ ឯ​ក្រុងភ្នំពេញ​ទាំ​ង​យប់​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គភាព​សាមី​ផងដែរ ៕