រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​នៅ​ខេត្តកំពត ​វិនិយោគ​ក្នុង​ទឹកប្រាក់​២៦២ ​លាន​ដុល្លារ​អាមេរិក

151

កំពត ​៖ រោងចក្រ​ផលិត​ស៊ីម៉ងត៍ ​ដ៏​ធំ​មួយ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ របស់​ក្រុមហ៊ុន​ ជីបម៉ុង ​អ៊ី​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន​ (Chip Mong Insee-CMIC) ​ដែល​មាន​ទីតាំង ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ​ក្នុងភូមិ​ព្រៃ​តា​ព្រិត ​ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​ ខេត្តកំពត ​ជាមួយ​ និង​ទុន​វិនិយោគ​២៦២​លាន​ដុល្លារ​អាមេរិក​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ​នៅ​ថ្ងៃទី​៨​ ខែ​កុម្ភៈ​ នេះ​ថា រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​នេះ​ គឺ​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ​២៦២​លាន​ដុល្លារ​អាមេរិក ​ដែល​ជា​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន ​ជីបម៉ុង​គ្រុប​ របស់​កម្ពុជា និង​ក្រុមហ៊ុន​ស្យ៉ា​ម​ស៊ី​ធី​ស៊ី​មេន ​របស់​ប្រទេស​ថៃ ​ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ ៥,០០០​តោន​ក្នុង​មួយថ្ងៃ ឬ ១.៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

សម្រាប់ លោ​ឧកញ៉ា លាង ឃុន ម្ចាស់​ក្រុមហ៊ុន ជីបម៉ុង អ៊ី​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ​បាន​ថ្លែង ​កត្តា​សន្តិភាព​ អត្រា​កំណើន​សេដ្ឋកិច្ច​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ បាន​ទាក់ទាញ​អ្នក​វិនិយោគ​តូច ធំ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា ​ហើយ​មូល​ហេតុនេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជីប​ ម៉ុង អ៊ី​ន​ស៊ី ស៊ី​មេន ​ខ​ប​ភើ​រេ​សិន បង្កើត​ឡើង​ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​រីកចម្រើន​កាត់បន្ថយ​ភាព​ក្រីក្រ ​តាមរយៈ​បង្កើត​ផលិតផល​ក្នុងស្រុក​។

លោក​ឧកញ៉ា​ បាន​បន្ថែមទៀតថា ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នេះ​ បាន​ចែកចេញជា​បី​ប្រភេទ​គឺ ​ស៊ីម៉ងត៍​អូដ្ឋ​ពណ៌​ទឹកក្រូច​មានគុណ​ភាពល្អ ​សក្ដិសម ​សម្រាប់​សំណង់​រឹងមាំ​ល្អ​ក៏ដូចជា​ការប្រើប្រាស់​ក្នុង​គោល​បំណង​ទូទៅ​ ឬ​ឯ​ស៊ីម៉ងត៍​អូដ្ឋ​ពណ៌​បៃតង​មាន​គុណភាព​ខ្ពស់​និង​ល្អ​បំផុត​ចំពោះ​ការងារ​បូក​សម្អាត ​ហើយ​ចំពោះ​ស៊ីម៉ងត៍​ឥន្ទ្រីយ៍​ពេជ្រ​វិញ​មាន​គុណភាព​ខ្ពស់​​ចំពោះ​មុខងារ​ទូទៅ​។​

ក្រុមហ៊ុន ជីបម៉ុង អ៊ី​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន​ បាន​បង្កើតឡើង​ដោយមាន​ការ​វិនិយោគ​រួមគ្នា​ដែល​មាន​ទឹកប្រាក់ ២៦២​លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​៦០%​មកពី​ក្រុមហ៊ុន​ជីព​ម៉ុង​គ្រុប​ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុងស្រុក​មាន​បទពិសោធន៍​ជាង ​៣០​ឆ្នាំ​ក្នុង​វិស័យ​សំណង់​និង​ចែកចាយ​ទីផ្សារ ​និង​ភាគហ៊ុន​៤០%​ទៀត​ គឺ​ក្រុមហ៊ុន​ស្ប៉ា​ម​ ស៊ី​ធី ស៊ី​មេន មកពី​ប្រទេស​ថៃ មាន​បទពិសោធន៍​ជាង​៥០​ឆ្នាំ​ក្នុង​ការផលិត​ស៊ីម៉ងត៍​។

ក្រុមហ៊ុន ជីបម៉ុង អ៊ី​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee-CMIC) ​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិ​ព្រៃ​តា​ព្រិត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ចម្ងាយ​ប្រមាណ ១២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​៕