ឯកអគ្គរដ្ឋទូត​ចិន​ ៖ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ច្រើនជាង​២​ពាន់​ក្រុមហ៊ុន​កំពុង​វិនិយោគ​នៅ​កម្ពុជា​

123

ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែងថា​ រហូត​ម​កទល់​ពេលនេះ ​មាន​ក្រុមហ៊ុន​ចិន​ជាង​២០០០ ​ដែល​បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន​។

ឯកឧត្តម ស្យ​ង់​បូ ​ឯកអគ្គរដ្ឋទូត​ចិន​ បាន​ថ្លែង​ឲ្យ​ដឹង ​ក្នុង​សន្និសីទសារ​ ព័ត៌មាន ​កា​លពី​ព្រលប់​ថ្ងៃ​ម្សិល​ម៉ិ​ញ​ស្ដីពី ​ស្ថានភាព​នៃ​វិនិយោគ​ចិន ​និង​ប្រជាជន​ចិន​រស់នៅ​កម្ពុជា​ថា​ តាម​ទិន្នន័យ​ដែល​ស្ថានទូត​ទទួល​បានៗ​ បញ្ជាក់ថា​ ក្រុមហ៊ុន​ចិន​ច្រើនជាង​២​ពាន់​ក្រុមហ៊ុន ​កំពុង​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ប្រមាណ​ជា​១២​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក ​ជាពិសេស​អ្នក​វិនិយោគ​ចិន​ ដែល​គ្រោង​បណ្ដាក់​ទុន​ ​នៅ​កម្ពុជា​ តែងតែ​ទាក់ទង​តាម​ស្ថានទូត​ជា​រៀងរាល់ថ្ងៃ​។

ឯកឧត្តម​ បន្តថា ចំនួន​ក្រុមហ៊ុន​ចិន និង​ទំហំ​វិនិយោគ​អាច​មាន​ចំនួន​ជាង​នេះ ​ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​មិនបាន​មក​តាម​ស្ថានទូត​នោះទេ​។

ឯកឧត្តម ស្យ​ង់ បូ​បន្ថែមថា គម្រោង​វិនិយោគ​ធំៗ​នៅ​កម្ពុជា​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ចិន ​មានដូចជា វា​រី​អគ្គិសនី ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​ ជា​ឥណទាន​សម្បទាន​វិស័យ​កសិកម្ម​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ ​សំលៀកបំពាក់​ និង​ស្បែកជើង ​ដោយមាន​រហូតដល់​៧០​ភាគរយ នៃ​ក្រុមហ៊ុន​សរុប​ដែល​បាន​វិនិយោគ​ក្នុង​វិស័យនេះ​ នៅ​កម្ពុជា ហើយ​សព្វថ្ងៃ​អ្នក​វិនិយោគ​ចិន ក៏​កំពុង​បណ្ដាក់ទុន​លើ​វិស័យ​ទេសចរណ៍​ និង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​ផងដែរ​។

ឯកឧត្តម​រម្លឹកថា​ កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ប្រទេស​ចិន បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា​១​ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក ​ដោយ​ស្មើនឹង​២៧,៥​ភាគរយ​ នៃ​ការវិនិយោគ​សរុប​នៅ​កម្ពុជា​។ ឯកឧត្តម​ បញ្ជាក់​បន្ថែមថា ​ចំនួន​ទឹកប្រាក់​នេះ មិនទាន់​រាប់បញ្ចូល​ឥណទាន​សម្បទាន​នៅឡើយ​ទេ ​ប៉ុន្តែ​បើ​រាប់បញ្ចូល​នោះ​ទំហំ​ទឹកប្រាក់​នេះ​ ទំហំ​ទឹកប្រាក់​នឹង​កើន​ដល់​ប្រមាណ​ជា​៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕