កីឡាករ​ឆ្នើម​ៗ​ក្នុង​ពាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លើក​ទី​១ នឹង​ត្រូវ​ជ្រើសរើស​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរក្រសួង​-​ស្ថាប័នឆ្នាំ​២០១៨

49

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡាលើក​ទី​១ បាន​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយនៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយមាន ៧​ក្រុម​មកពី​អគ្គនាយកដ្ឋាន និង​អគ្គាធិការដ្ឋាន​ចំណុះ​ឲ្យ​ក្រសួង​អប់រំ​ចំនួន ៧​ផ្សេងគ្នា​ចូលរួម។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ឯក​ឧ​ត្ត​ម អ៊ុក សិទ្ធិ​ជាតិ ប្រធាន​គណៈកម្មការ​រៀប​ចំ​ពានរង្វាន់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លើកដំបូង​នេះ។ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡាបាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះរៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​ពីរ ទី​១ គឺ​ការប្រកួត​ដើម្បី​សុខុមាលភាព រឹតចំណង​មិត្តភាព សាមគ្គីភាព និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការងារ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។ ប៉ុន្តែ​អ្វី​ដែល​ពិសេសគឺ​ចំណុច​ទី​២ ដោយ​កីឡាករ​ឆ្នើម​ៗ​ណា ដែល​បាន​បង្ហាញ​សមត្ថភាព​បាន​ល្អ ​ក្នុង​ការ​ប្រកួតនឹង​ត្រូវ​ជ្រើសរើស​ប្រមូលផ្ដុំ​ជា​ក្រុម​មួយតំណាង​ក្រសួង​អប់រំ ដើម្បី​ហ្វឹកហាត់​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័នឆ្នាំ​២០១៨​ នា​ពេល​ខាង​មុខ។​ បន្ថែម​លើ​នេះឯកឧត្ដម​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​ការប្រកួត​តែង​ចង់​ឈ្នះ​រៀង​ៗ​ខ្លួន ប៉ុន្តែ​ការអនុញ្ញាត​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ផ្ដោត​សំខាន់​លើ​ការប្រកួត​លក្ខណៈ​មិត្តភាព។ ហេតុ​ផល​នេះឯកឧត្ដម​បានអំពាវនាវ​ដល់​កីឡាករ​ជា​បុគ្គលិក និង​មន្ត្រី​តាម​អគ្គនាយកដ្ឋាន​ទាំងអស់ ត្រូវ​គោរព​តាម​បទបញ្ជា​ការប្រកួត​រប​ស់សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទោះ​មិន​មែន​ជា​កីឡាករ​អាជីព​ក៏ដោយ ដើម្បី​បញ្ចៀស​បញ្ហា​ទាំងឡាយ​ក្នុង​ការ​ប្រកួត ដូចជា​ការ​ប៉ះទង្គិច​គ្នារហូត​បង្ក​ជា​របួសធ្ងន់​ជាដើម។​

សូម​បញ្ជាក់​ថា ពានរង្វាន់ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ទី​១ នេះ គ្រោង​ប្រើ​ពេល​ចម្រាញ់​រក​ក្រុម​ជើងឯក ២​ខែពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈរហូតដល់​ថ្ងៃ​ទី​០៦ ខែ​មេសា។ ចំពោះ​រូប​មន្ត​ប្រកួតគឺ​ប្រើប្រាស់​ប្រព័ន្ធ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ១​ជើង សម្រាប់​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ក្លាយ​ជា​ក្រុម​ជើងឯក​តែម្ដង។ ចំពោះ​ក្រុម​ចូលរួមមាន​ដូច​ជា​ក្រុម​អគ្គនាយកដ្ឋាន​អប់រំ​, ក្រុម​អគ្គនាយកដ្ឋាន​យុវជន​, ក្រុម​អគ្គនាយកដ្ឋាន​កីឡា​, ក្រុម​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​, ក្រុម​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​ផែនការ​,​ក្រុម​អគ្គនាយកដ្ឋាន​ឧត្ដមសិក្សា និង​ក្រុម​អគ្គាធិការដ្ឋាន៕
អត្ថបទ៖ លី ឈុន​ឡា