មនុស្ស​ជាង ៣​ពាន់​នាក់​ចុះឈ្មោះ​រត់​អបអរសាទរ​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ចុង​សប្ដាហ៍​នេះ

125

រត់​ប្រណាំង៖ កម្មវិធី​រត់​លក្ខណៈ​កម្សាន្ត​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិកា​រ​ស្ត្រី និង​កីឡា នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​មាន​ឈ្មោះថា “​ស្ត្រី និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រលាញ់​” ឆ្នាំ​២០១៨ នឹង​រៀបចំ​ជា​លើក​ទី​៥ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ចុង​សប្ដាហ៍​នេះ នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ​ដូច​សព្វដង ដើម្បី​អបអរ​សាទរ​ទិវា​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ថ្ងៃ​ទី​១៤-​កុម្ភៈ ខណៈ​មក​ទល់​ពេល​នេះ​មាន​យុវជន​-​យុវនារី និង​ប្រជាពលរដ្ឋ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង ៣​ពាន់​នាក់​ហើយបាន​ចុះឈ្មោះ​ចូលរួម។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​នាទី​ស្នាក់​ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ម្សិលមិញ ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ការរៀបចំ​កម្មវិធី “​ស្ដ្រី និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រលាញ់​” ឆ្នាំនេះហាក់​មាន​ភាព​ផុស​ផុល​ជាមុនដោយ​រហូត​មក​ទល់​ពេលនេះ មាន​អ្នក​ចុះឈ្មោះ​រហូតដល់​ទៅ ៣,២៤៨​នាក់​ហើយ។ តែ​យ៉ាងណា​គណៈកម្មការ​រៀបចំ នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋពិសេស​យុវជន​-​យុវនារី រួសរាន់​ចុះឈ្មោះ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ចូល​រួម​រត់​ចែករំលែក​ក្ដី​ស្រលាញ់ និង​យល់ដឹង​កាន់​តែ​ច្បាស់​ពី​អត្ថន័យ នៃ​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់។​ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដដែលបាន​បន្ដ​ថា ដោយសារ​ប៉ុន្មាន​កន្លងមក មាន​មហាជនមួយ​ចំនួនពិសេស​យុវជន​-​យុវនារី យល់​ខុស​ថា ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់ទៅជា​ថ្ងៃបុណ្យ​សង្សារ ទើបគណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា​ ជំរុញ​ឲ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​អូសទាញ​យុវជន​ឲ្យ​ងាក​មក​ចូលរួម​លេង​កីឡា ហើយ​អត្ថន័យ​ពិត​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់ គឺជា​ការ​ចែក​រំលែក ឬ​បង្ហាញ​ក្ដី​ស្រលាញ់ ចំពោះ​បុគ្គល​ជាច្រើនរួមមាន​អាណាព្យាបាល បងប្អូន មិត្តភ័ក្ដិ និង​ការ​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​ជាតិស្នេហា​ជាតិ​ជាដើម មិន​មែន​ជា​ការ​ស្រលាញ់ដោយ​លះបង់​ខ្លួនប្រាណ​ឲ្យ​គ្នា​នោះ​ទេ។

ឯកឧត្ដម​រំពឹង​ថា តាមរយៈ​កម្មវិធី “​ស្ដ្រី និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រលាញ់​” ដែល​បាន​រៀប​ចំ​ចំនួន ៤​លើ​កន្លងមក នឹង​បញ្ជាក់​ឲ្យ​យុវជនយុវនារី​កម្ពុជា​យល់ដឹង​ច្បាស់​ ពី​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ដើម្បី​ជៀសវាង​ការប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​ដែល​ប្រាសចាក នឹង​ក្រមសីលធម៌​នារី​ខ្មែរ។ បន្ថែម​លើ​នេះគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​មាន​គម្រោង​ពង្រីក​ព្រឹត្តិការណ៍​ទៅតាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​នា​ឆ្នាំ​បន្ដ​បន្ទាប់ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​យុវជន​យុវនារី​តាម​ខេត្ត ឬ​តំបន់​នីមួយៗ​បាន​យល់ដឹង​កាន់​តែ​ច្បាស់​ផង​ដែរ។ សូម​បញ្ជាក់​ថា ចំពោះ​កម្មវិធី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ រួមមាន​រត់​ចម្ងាយ ៥​គីឡូម៉ែត្រ​អាយុ ១៧​ឆ្នាំ​ចុះ​, អាយុ ១៨​ឆ្នាំ​ឡើង និង​ការ​លេង​ល្បែង​ប៉េងប៉ោង​ជា​គូ រួម​ទាំង​កម្មវិធី​សប្បាយ​ៗ​ជាច្រើន​ទៀត។ ចំពោះ​តម្លៃ​សំបុត្រចុះឈ្មោះ​ចូលរួម សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរគឺ​មាន​តម្លៃ ៣​ដុល្លារ ខណៈ​ជន​បរទេស​មានតម្លៃ ៥​ដុល្លារ។ ប៉ុន្តែ​កម្មវិធី​នេះ​ក្រៅពី​រៀបចំ​ ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​របស់​គ្រួសារ​កីឡា ការ​លើក​កម្ពស់​ស្ដី​ក្នុង​វិស័យ​កីឡា ក្នុង​នោះ​ក៏​មាន​ការ​ប្រមូល​មូលនិធិ​ទទួល​បាន​ពី​ការរៀបចំ សម្រាប់​ទិញ​សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា ទៅ​ជួយ​តាម​សាលារៀន​ដែល​មាន​ការ​ខ្វះ​ខាត​ទៀត​ផង៕
អត្ថបទ៖ លី ឈុន​ឡា