ជប៉ុន​ប្ដេជ្ញា​ចិត្ត​ជួយ​កីឡា​បេ​ស្ប​ល​កម្ពុជា​រហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

42

បេ​ស្ប​ល៖ បន្ទាប់ពី​មាន​ទំនាក់ទំនង​រវាង​សហព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជា និង​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ឬ​ហៅ​កាត់​ថា JCIA នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​នេះ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​សហការ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​បេ​ស្ប​ល​កម្ពុជា​ជា​ផ្លូវការ​ហើយ ខណៈ​ភាគី​ជប៉ុន​បាន​ប្ដេជ្ញា​ចិត្ត​ជួយ​ក្រុម​កីឡា​ប៉េ​ស្ប​ល​កម្ពុជារហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ។ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ការ​ចុះ MOU នេះបាន​រៀប​ចំ​ឡើងក្រោម​វត្តមាន​ជា​សាក្សី​ពីសំណាក់​ឯកឧត្ដម តែម ម៉ឺន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ លោក ហ្វូ​មី​អូ យ៉ាម៉ាដា ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុនបាន​មានប្រសាសន៍ថា លោក​បាន​ស្គាល់​កីឡា​បេ​ស្ប​ល​កម្ពុជា​ដោយសារ​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ លោក​បន្ត​ថា សម្រាប់ MOU នេះក្រុមការងារ​របស់​ខ្លួន​នឹង​គ្រៀងគរ ​ឲ្យ​មានការ​ចូលរួម​ពី​សប្បុរស​ជន​ជប៉ុន ដើម្បី​ជួយ​ដល់​សហព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជា ពិសេស​គឺ​ការ​ផ្ដល់​នូវ​ធន​ធាន​មនុស្ស និង​អ្នកបច្ចេកទេស ដើម្បី​ចុះ​មក​ចែក រំលែក​បទពិសោធន៍ ​ដល់​ក្រុម​កីឡា​បេ​ស្ប​ល​ផ្ទាល់​នៅ​កម្ពុជា។ លោក​រំពឹង​ថា កិច្ច​សហប្រតិបត្តិការ​មួយ​នេះនឹង​ជំរុញ​កីឡា​បេ​ស្ប​ល​កម្ពុជា ឈាន​ទៅ​សម្រេច​គោលដៅ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣។​

​ឯកឧត្ដម ញ៉ែម ថា​វី ប្រធាន​សហព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជាបាន​បញ្ជាក់​ថា MOU នេះនឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ចុះ​អនុស្សរណៈ​យោគយល់​គ្នារហូតដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣​។ ក្នុង​នោះ​អង្គការ JCIA ផ្ដោត​សំខាន់​លើ​ការ​ជួយ​ផ្នែក​បច្ចេកទេស និង​ធនធានមនុស្សដែល​កម្ពុជា​កំពុង​មាន​កង្វះខាត មក​ជួយ​បណ្ដុះបណ្ដាល​ដល់​កីឡាករ​-​កីឡា​ការិនី​កីឡា​បេ​ស្ប​ល​កម្ពុជា ដែល​ទីតាំង​ធំនៅ​ខេត្ត​កំពង់ធំ។ បន្ថែម​លើ​នេះ JCIA ក៏​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​កីឡា​បេ​ស្ប​ល​កម្ពុជា ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​ផង​ដែរ។​ ​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​កីឡា​បេ​ស្ប​ល​កម្ពុជាបាន​នឹង​កំពុង​អភិវឌ្ឍន៍​ខ្លួន​ជា​ខ្លាំង ដើម្បី​សម្រួចទិសដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​រួមមាន​ការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្សទាំង​កីឡាករ​-​កីឡា​ការិនី គ្រូ​បង្វឹក និង​មន្ត្រី​បច្ចេកទេស​ផ្សេងៗ ពិសេស​គឺ​ការសាងសង់​ទីលាន​ស្តង់ដារ​តែម្ដង។ ជាមួយគ្នា​ឯកឧត្ដម ញ៉ែម ថា​វី បាន​បរិច្ចាគ​ដី​ផ្ទាល់ខ្លួន​ទំហំ ៥​ហិតាស្មើនឹង​ជិត​កន្លះ​ដុល្លារ​ដល់​សហព័ន្ធ សម្រាប់​អភិវឌ្ឍន៍​ទៅជា​ទីលាន​ប្រកួត​ស្តង់ដារ ក្រោម​កិច្ចសហការ​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​ទៀត​ផង៕
​អត្ថបទ៖ លី ឈុន​ឡា