កូរ៉េខាងជើង​ដង្ហែ​ក្បួន​ព្យុហយាត្រា​យោធា​ដ៏​ធំ​រំឭក​ដល់​ថ្ងៃ​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​

204

កូរ៉េខាងជើង​៖ ​កូរ៉េខាងជើង​បាន​ប្រារព្ធ​ខួប​ នៃ​ការ​បង្កើត​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន ដោយមានក្បូន​ព្យុហ​យា​ត្រា​យោធាដ៏​ធំមួយ​ ក្នុង​ទីក្រុងព្យុងយ៉ាងកាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើកញ្ចក់​ទូរទស្សន៍​រដ្ឋ KRT របស់​កូរ៉េខាងជើង​ បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រារព្ធ​ប្រចាំ​ឆ្នាំ​ ត្រូវ​បាន​ផ្លាស់ប្ដូរមក​ធ្វើ​នៅមុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​វិញ​។

​​រូបភាព​ពី​ស្ថានីយ​ទូរទស្សន៍​បាន​បង្ហាញឲ្យ​ឃើញលោក Kim Jong Un ស្ថិត​ក្នុង​សម្លៀកបំពាក់​អាវធំ និង​មួក​ពណ៌​ខ្មៅបាន​គោរព​ដល់ទាហាន ខណៈភរិយា​របស់​លោកដើរ​នៅ​ក្បែរ​រូបលោក។ ប្អូនស្រីរបស់​លោកគឺ​លោកស្រី គីម យ៉ូ​ចុង ដែលនឹង​ទៅ​បំពេញទស្សនកិច្ច​ប្រទេស​កូរ៉េខាងត្បូងនៅ​ថ្ងៃ​សុក្រ​នេះ ក៏​មានវត្តមាន​ក្នុង​ពិធីនោះ​ផង​ដែរ រួម​ជាមួយ​មន្ត្រីជំនិតជា​ច្រើន​រូប​របស់​លោក គីម ដូចជា​លោក ចូ យ៉ុង​ហេ (Choe Ryong Hae) និងលោក គីម យ៉ុង​ណា​ម (Kim Yong Nam) ​ជាដើម​។​ អំឡុង​ថ្លែង​សុន្ទរកថា​លោក គីម បាន​និយាយ​ថា កូរ៉េខាងជើង​គួរតែ​អភិវឌ្ឍន៍សម​យុទ្ធ​យោធា​ សម្រាប់​សង្គ្រាមសម័យ​ទំនើប​ ព្រោះ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​កំពុងបំពង​សំឡេង​ក្នុងឧបទ្វីប​កូរ៉េ​។

​​សារព័ត៌មាន​រដ្ឋរបស់​កូរ៉េខាងជើងក៏បាន​បង្ហាញ​ផង​ដែរពី​អ្វី​ ដែល​ទំនងជាមី​ស៊ី​លអន្តរទ្វីប​បាលី​ស្ទីកនៅ​លើ​ជើង​ទម្រ​ជាច្រើន​ ខណៈ​ពលរដ្ឋ​កូរ៉េខាងជើងរាប់​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុងទៅ​លាន​ចតុរង្គ គីម អ៊ី​ល​ស៊ុ​ង ដែល​ជា​ឈ្មោះជីតា​របស់ លោក គីម ​ជុង​អ៊ុន​ ក្នុង​ទីក្រុងព្យុងយ៉ាង​។ ​ក្រុម​អ្នកវិភាគបាន​និយាយ​ថា ក្បួន​យោធា​នេះទំនង​ជា​មាន​ទ្រង់ទ្រាយ​តូច​ជាង​ក្បួន​នានាកាល​ឆ្មាំ​មុន​ៗ បើ​ទោះ​ជា​ក្បួន​ព្យុហយាត្រា​នេះនៅតែផ្ដោត​លើ​គោលដៅ​ ពង្រឹង​សមត្ថភាព​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ក៏ដោយ៕
អត្ថបទ៖ សុខ​មាន