៧​ឆ្នាំនេះ ​កម្ពុជា​នាំចេញ​អង្ករ​ជិត​៣​លាន​តោន​ ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស

54

ភ្នំពេញ ​៖ បើ​គិត​ត្រឹម​រយៈពេល​៧​ឆ្នាំ​ គត់​ប្រទេស​កម្ពុជា​ បាន​នាំចេញ​អង្ករ​ជិត​៣​លាន​តោន​ ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ ភាគច្រើន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ និង​ទីផ្សារ​ចិន ​ដែល​កំពុងតែ​សន្ទុះ​ខ្ពស់​ជាងគេ​ឈរ​លំដាប់ថ្នាក់​លេខ​១​។

ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណ​ហន ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ ទ​ទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​សកម្ម​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​កាល​ពីពេល​ថ្មីៗ​នេះ​ថា ​ក្នុង​រយៈពេល​៧​ឆ្នាំ​គិត​ចាប់​តាំងពី​រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ ​និង​បង្កើន​ការនាំចេញ​អង្ករ ​កាលពី​ឆ្នាំ​២០១០​មក​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ពី​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។

ឯកឧត្តម ​បាន​បន្តទៀតថា ​រយៈពេល ៧​ឆ្នាំ​ចុង​ក្រោយនេះ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១១ ​ដល់​ឆ្នាំ​២០១៧ ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​សម្រេច ​បាន​ប្រមាណ​២,៨៨​លាន​តោន ​ហើយ​ទិសដៅ​ធំ​ទាំង ​៥ នៃ​ការ​នាំចេញ​អង្ករ​កម្ពុជា​ពី​ឆ្នាំ​ ២០១១ ដល់​ឆ្នាំ​២០១៧ ​ពោល​គឺ​ប្រទេស​ចិន​បាន​ឈរ​នៅ​កំពូល​តារាង បន្ទាប់​មក​លេខ​រៀង​ទី​ពីរ ​គឺ​ប្រទេស​បារាំង ​។ ចំណែក​លេខ​រៀង​ទី​៣​ ប្រទេស​ប៉ូឡូញ ​និង​ប្រទេស​ម៉ាឡេស៊ី​ ស្ថិតនៅ​លេខ​រៀង​ទី ៤ ​ខណៈដែល​ប្រទេស ហូ​ឡង់ ​ឈរ​នៅ​លេខ​រៀង​ទី ៥​។

ចំណែក លោក តាំង សុខ​ឃី អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ក្នុង​វិស័យ​ឯកជន​ បាន​ថ្លែងថា ​កន្លងទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជំរុញ​គោលនយោបាយ​នាំចេញ​អង្ករ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ប៉ុន្តែ​មិនទាន់​សម្រេច​បាន​តាម​គោលដៅ​នៅឡើយ​ទេ​ ហើយ​ជាក់​ស្តែង​៥​ឆ្នាំនេះ​មាន​ក្រុមហ៊ុន​១០ ​ប៉ុណ្ណោះ​ បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​។

ចំណែក​អ្នក​ជំនាញ​ខាងលើ​ បន្ថែមទៀតថា ​ដើម្បី​ឆ្លើយតប​តាម​ការ​បញ្ជាទិញ​ឲ្យ​បាន​កាន់​តែច្រើន​នោះ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​ត្រូវតែ​រួមគ្នា​ដាក់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ ​ដើម្បី​ឆ្លើយតប​តាម​ការ​បញ្ជាទិញ​ពី​ក្រៅប្រទេស​។

ការនាំចេញ​អង្ករ​ក្នុងអំឡុងពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ ​បង្ហាញ​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក៏ដោយ​ ប៉ុន្តែ​កម្ពុជា​ អ្នក​ជំនាញ​ថា មិ​នទាន់​សម្រេច​តាម​គោលដៅ​របស់ខ្លួន​ដែល​កំណត់​ថា​បង្កើន​ការនាំចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន ​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ផែនការ​នាំចេញ​អង្ករ​១​លាន​តោន​អាច ​នឹង​សម្រេច​បាន​ក្នុង​អំឡុង​ឆ្នាំ​២០២០​នាពេលខាងមុខ​ជាមិនខាន​៕