ក្រុម​តន្ត្រី​កូរ៉េខាងជើង​សម្ដែង​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ​ខណៈ​មាន​ការ​តវ៉ា​ប្រឆាំង​លោក គីម ជុង​អ៊ុន​

156

កូរ៉េខាងត្បូង៖ ​ក្រុម​តន្ត្រី​កូរ៉េខាងជើង​បាន​ចូលរួម​ការសម្ដែង​ នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា ក្នុង​មជ្ឈមណ្ឌល​សិល្បៈ Gangneung ​ក្នុង​ប្រទេស​កូរ៉េខាងត្បូងកាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។​​យោង​តាមក្រសួង​បង្រួបបង្រួម ដែល​ជាក្រសួង​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង មាន​គោលបំណងជំរុញ​ការ​សន្ទនាអន្តរ​កូរ៉េបាន​ឲ្យ​ដឹង​ថា​ ការសម្ដែង​របស់​ក្រុមតន្ត្រីដែល​មាន​សមាជិក 137​នាក់របស់​ប្រទេស​កូរ៉េខាង​ជើងនៅមជ្ឈមណ្ឌលសិល្បៈ Gangneung បាន​ក្លាយ​ជាព្រឹត្តិការណ៍​លក់​សំបុត្រ​ដាច់​ច្រើន​បំផុត នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិករដូវរងា ​ដែល​ទាមទារ​ឲ្យ​បង្កើន​ការ​លក់​សំបុត្រ​ថែមទៀត​។​ ​ប៉ុន្តែ​ការសម្ដែង​តន្ត្រីមហោរីដ៏​ល្បីល្បាញរបស់​កូរ៉េខាងជើង ក៏​ត្រូវ​បានជួបប្រទះនឹងសំឡេង​តវ៉ាលាន់​លឺ​ខ្ទរ​នៅ​ខាងក្រៅវេទិកា ជាទី​ដែល​មានមនុស្ស​រាប់​សិប​នាក់ តវ៉ាប្រឆាំងនឹង​ការចូលរួម​របស់​កូរ៉េខាងជើង ក្នុង​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​ដោយ​ក្រវី​ទង់​ជាតិកូរ៉េខាងត្បូង​ និង​អាមេរិក​។​

​​អ្នកមួយ​ចំនួនដែលចូលរួម​ព្រឹត្តិការណ៍​នេះបាន​និយាយ​ថា ​វត្តមាន​កូរ៉េខាងជើងនៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ គឺជា​និមិត្តរូប​ដ៏​អស្ចារ្យ​។​ ចំណែក​អ្នក​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រីនេះបាន​និយាយ​ថា អ្នកស្រីសង្ឃឹម​ថាព្រឹត្តិការណ៍​នេះ​នឹង​ត្រួសត្រាយផ្លូវឲ្យ​កូរ៉េ​ខាងទាំង​២ ត្រូវរ៉ូវ​គ្នា​វិញ។​ ​ចំណែក​វិមាន​ប្លូ​ហៅ​ស៍ (Blue House ) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា លោកប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ​និងជួប​ជាមួយ​សមាជិកគណៈប្រតិភូ​អូឡាំពិក ​របស់​កូរ៉េខាងជើងនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ រួម​ទាំងប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជូ​ង​អ៊ុន ផង​ដែរ៕
អត្ថបទ៖ សុខ​មាន