អគារ​ពាណិជ្ជកម្ម​Diamond Twin Tower គ្រោង​ដាក់​ដំណើរការ​ក្នុងឆ្នាំនេះ​

121

ភ្នំពេញ៖ អាគារ​ពាណិជ្ជកម្ម​Diamond Twin Tower) តម្លៃ​៦០​លាន​ដុល្លារ ដែលជា​អគារ​ទំនើប​បំផុត​ស្ថិតនៅ​តំបន់​កោះ​ពេជ្រ ទីក្រុង​ភ្នំពេញ​នឹង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​នេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។​

លោក លី ឈុន​ឡេង អគ្គនាយករង នៃ​អាគារ​Diamond Twin Tower ដែលជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចៅ​ជី គ្រុប​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ នៅក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​សេវា​គ្រប់គ្រង​គម្រោង​នេះ ជាមួយ​ក្រុមហ៊ុន CBRE Cambodia(C.B.R.T) នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កុ​ម្ភះ​នេះ នៅ​ការិយាល័យ​លក់​នៅ​កោះ​ពេជ្រ​។

លោក​បន្តថា អគារ​ភ្លោះ​ថ្មី​នេះ​មាន​កំពស់​៣២​ជាន់ ដែលមាន​បន្ទប់​ស្នាក់ នៅ​ទំនើប​៣២៨​បន្ទប់ និង​១៦០​ទៀត​ជា​ការិយាល័យ​លំដាប់ថ្នាក់​អន្តរជាតិ​។ លោក​បាន​បន្តថា Diamond Twin Tower នឹង​ក្លាយ​ជាការ​អភិវឌ្ឍន៍​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​បញ្ចូល​ទាំង​ឆ្នេ​សិប្បនិម្មិត ដោយ​អាច​ទស្សនា​ទន្លេ និង​រាជធានី​ភ្នំពេញ​ពីលើ​អគារ​កប់​ពពក​ដែល​គ្រោង​នឹង​សម្ពោធ​នាពេលខាងមុខ​ឆាប់ៗ​នេះ​។​

លោក​លី ឈុន​ឡេង​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គោលបំណង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​លក់​និង​ជួល​នៃ​អគារ​នេះ ទៅដល់​ក្រុមហ៊ុន​CBRE Cambodia ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដ៏​ល្បីឈ្មោះ​ក្នុង​តំបន់​។ លោក​សង្ឃឹម​និង​ជឿជាក់ថា ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ក្រុមហ៊ុន​នេះ អាគារ​នេះ​នឹង​ទាក់ទាញ​ជួយ​នាំយក​នូវ​ក្រុមហ៊ុន​ល្បីៗ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត ដើម្បី​ចូលមក​ធ្វើការ​និង​រស់នៅក្នុង​អគារ​នេះ​។

លោក​បាន​បញ្ជាក់ទៀតថា មកដល់ពេលនេះ​អគារ Diamond Twin Tower​លក់បាន​ជាង​៩០%​ភាគរយ​ហើយ សម្រាប់​អាគារ​ការិយាល័យ​។ ដោយឡែក​អគារ​ខុន​ដូ​វិញ បាន​លក់​ចេញ​ប្រមាណ​ជាង​៣០%​ហើយ​៕