ហ៊ីយ៉ាន់ដាយ​កំពុង​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​

176

ភ្នំពេញ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ហ៊ីយ៉ាន់ដាយ​នៅ​កម្ពុជា បាននិងកំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​នេះ ដោយ​កាលពី​ឆ្នាំមុន រថយន្ត​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន ដែល​បានធ្វើ​ឲ្យ​ការលក់​រថយន្ត​នេះ ជាប់​ចំណាត់ថ្នាក់​ទី​៥​ក្នុងចំណោម​ម៉ាក​រថយន្ត​ល្បីៗ​ទាំងនោះ​។​

​​លោក ប្រាយ​អ៊ែន ខូ នាយក​ប្រតិ​ប​តិ្ត និង​ជា​ប្រធាន​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​ខេ​ម​កូ​ម៉ូ​ធ័​រ បានលើកឡើង​យ៉ាង​ដូច្នេះ ឱកាស​បើក​កម្មវិធី “Hyundai Night Event and H-1 Full Option Premium” នៅ​ភោជនីយដ្ឋាន​Exchange រាជធានី​ភ្នំពេញ ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់ ដែល​បានធ្វើ​ឲ្យ​រថយន្ដ​H-1 ជា​រថយន្ដ​ក្លាយជា​រថយន្ដ​Mini Bus លក់ដាច់​បំផុត​នៅ​កម្ពុជា និង​ដើម្បី​បង្ហាញ​រថយន្ដ​ស៊េរី​ថ្មី​មួយទៀត​គឺ H-1 Full Option Premium​

លោក​បន្តថា ខណៈ​រថយន្ដ​ហ៊ី​យ៉ាន់​កំពុងមាន​គេ​ជិះ​ច្រើន​នៅលើ​ដងផ្លូវ ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​កាន់តែ​ព្យាយាម​នាំមក​នូវ​រថយន្ត ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ជូន​អតិថិជន​តាម​តម្រូវការ និង​ងាយស្រួល​ប្រើប្រាស់​ជាមួយ នឹង​បច្ចេកវិទ្យា​ស៊េរី​ទំនើប​ចុងក្រោយ​។ ជាក់ស្ដែង​ថ្ងៃនេះ ក្រុមហ៊ុន​បានប្រកាស​ចេញលក់​រថ​យន្ដ​ហ៊ីយ៉ាន់ដាយ មួយ​ស៊េរី​ទៀត​គឺ H-1 Full Option Premium ឆ្នាំ​២០១៨ ។

​​លោក​បាន​បន្ថែមទៀត​ថ​ថា ក្រុមហ៊ុន​កំពុង​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន តាមរយៈ​ការ​នាំចូល​រថយន្ដ​ហ៊ីយ៉ាន់ដាយ​ស៊េរី​ថ្មី​ផ្សេងៗ​ជាច្រើន​ទៀត និង​ពង្រឹង​សេវាកម្ម​បន្ទាប់ពី​ការលក់ ក៏ដូចជា​ការផ្គត់ផ្គង់​គ្រឿងបន្លាស់​សុទ្ធ​មកពី​រោងចក្រ​នៅ​ប្រទេស​កូរ៉េ​មិន​ឲ្យ​អតិថិជន​ខកបំណង​ឡើយ​។

នៅក្នុង​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​មាន​គោល​គំនិត​ថ្មី សម្រាប់​គាំទ្រ​អតិថិជន​ដើម្បី​នាំមក​នូវ​ជោគជ័យ សម្រាប់​អ​នា​គត់​ដ៏​ត្រចះត្រចង់​ទៅតាម​រស​និយម និង​ភាព​ឆ្លាត​វៃ​របស់​អតិថិជន ដែល​បានជ្រើសរើស​រថយន្ដ​ហ៊ីយ៉ាន់ដាយ​យកទៅ​ប្រើប្រាស់​។ លើសពីនេះ​ក្រុមហ៊ុន Hyundai នឹង​ពង្រីក​សាខា​តាំង​លក់​រថយន្ដ និង​បណ្តាញ​សេវា​នៅ​ទូទាំងប្រទេស ហើយ​ជឿជាក់ថា​ក្រុមហ៊ុន Hyundai នឹង​ក្លាយជា​យីហោ​រថយន្ត​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​ខេ​ម​កូ​ម៉ូ​ធ័​រ គឺជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ដ​ហ៊ីយ៉ាន់ដាយ គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​កម្ពុជា​។ ក្រៅ​អំពី​រថយន្ដ​ខ្នាតតូច (Sedan) រថយន្ដ​លក្ខណៈ​គ្រួសារ​(SUV) ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ ខេ​ម​កូ​ម៉ូ​ធ័​រ ក៏មាន​នាំចូល និង​ចែកចាយ​រថយន្ដ​ហ៊ីយ៉ាន់ដាយ​ប្រភេទ​ដឹក​អ្នកដំណើរ និង​រថយន្ដ​ដឹកទំនិញ​ខ្នាតតូច ខ្នាត​ធំថ្មី សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ​ផងដែរ​៕