មីយ៉ាន់ម៉ា​បាន​អញ្ជើញ​​ក្រុម​អ្នក​ការទូត​ទៅ​ពិនិត្យ​​ជំរំ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាង​ជើង

68

មីយ៉ាន់ម៉ា៖ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​​ក្រុម​អាជ្ញាធរ​​ប្រទេស​មីយ៉ាន់ម៉ា​ បាន​នាំ​​អ្នក​ការទូត​​បរទេស​ទៅ​កាន់​ជំរំ​​មាតុភូមិនិវត្តន៍​​​មួយ​ចំនួន ​ដែល​​ត្រូវ​បាន​រៀប​ចំ​ឡើង​​សម្រាប់​​ជន​ភៀស​ខ្លួន​រ៉ុហ៊ីងយ៉ា​ ដែល​វិល​ត្រឡប់​​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន​​ភាគ​ខាង​ជើង​​ចេញ​ពី​ប្រទេស​បង់ក្លាដែស​ បន្ទាប់​ពី​បាន​​ស្វែង​រក​​កន្លែង​ជ្រក​កោណ​នៅ​ទីនោះ ​​​គេច​ចេញ​​ពី​អំពើ​ហិង្សា​​ដែល​បាន​​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា​​ឆ្នាំ​មុន។

នេះ​គឺ​ជា​ក្រុម​អ្នក​ការទូត​​លើក​ទី២ ដែល​បាន​ពិនិត្យ​​ជំរំ​មាតុភូមិ​និវត្តន៍​​តូងពីយ៉ូលេត​នៅ​ក្នុង​តំបន់​មួងដាវ​ និង​ពិនិត្យ​ជំរំ​ឆ្លង​កាត់​​​​ ដើម្បី​​ឲ្យ​ដឹង​​អំពី​របៀប​​ក្រុម​អ្នក​វិល​ត្រឡប់​​ត្រូវ​បង្ហាញ​​អត្តសញ្ញាណ​ និង​ឯកសារ​​យោង​ នេះ​​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុម​ភ្នាក់ងារ​​ព័ត៌មាន​ MRTV របស់​មីយ៉ាន់ម៉ា​ ហើយ​ការ​ធ្វើ​ដំណើរ​​ទស្សនកិច្ច​​ជា​លើក​ចុង​ក្រោយ​របស់​អ្នក​ការ​ទូត ​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ​នេះ។ ​ចាប់​តាំង​ពី​ថ្ងៃ​ទី២៥ ខែ​សីហា​ឆ្នាំ​មុន​មក​​ ក្រុម​មូស្លីម​រ៉ូហ៊ីងយ៉ា​​ជាង ៦សែន ៨ម៉ឺន ៨ពាន់​នាក់​​ និង​ក្រុម​ហ៊ីនឌូ​រ៉ូហ៊ីងយ៉ា​​បី​បួន​រយ​នាក់ ​បាន​ភៀស​ខ្លួន​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ បន្ទាប់​ពី​កង​ទ័ព​​បាន​បង្ក្រាប​​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​​ភាគ​ខាង​ជើង ​ក្នុង​ការ​ឆ្លើយ​​តប​ទៅ​នឹង​ការ​វាយប្រហារ​​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​​​ ជា​ច្រើន​លើក​​មក​លើ​កង​កម្លាំង​សន្តិសុខ​​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កង​ទ័ព​ ហើយ​ក្រុម​សាក្សី​​បាន​រាយការណ៍​អំពី​ការ​បាត់បង់​ជីវិត​​, ការ​លួច​ប្លន់​, ការ​រំលោភ​​ដែល​ធ្វើ​ឡើង​ដោយ​​កង​​សន្តិសុខ៕​

អត្ថបទ៖ រិទ្ធី