ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់​សិប​នាក់​រង​របួស​​​ក្នុង​ពេល​ប៉ះ​ទង្គិច​​ជាមួយ​កង​​កម្លាំង​អ៊ីស្រាអែល​​នៅ​​ព្រំដែន​​តំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល

149

ហ្កាហ្សា៖ ពលរដ្ឋ​​ប៉ាឡេស្ទីន​រាប់​សិប​នាក់​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​​រវាង​​ក្រុម​អ្នក​តវ៉ា និង​​កង​កម្លាំង​អ៊ីស្រាអែល​​នៅ​តាម​របង​ព្រំដែន​​​ប្រទេស​​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ហើយ​ក្រសួង​​សុខាភិបាល​ប៉ាឡេស្ទីន​បាន​និយាយ​ថា ក្រុម​គ្រូពេទ្យ​​កំពុង​ប្រឹង​ប្រែង​​ដើម្បី​សង្គ្រោះ​​ជីវិត​បុរស​ម្នាក់​​ ស្ថិត​ក្នុង​ស្ថានភាព​រង​របួស​​ធ្ងន់ធ្ងរ​នៅ​តំបន់​ហ្កាហ្សា។

ចំនួន​អ្នក​តវ៉ា​​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ព្រំប្រទល់​តំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល​​​ដែល​កាន់​ទង់​ជាតិ​ប៉ាឡេស្ទីន និង​​​គប់​ដុំ​ថ្មី​ទៅ​លើ​កង​ទ័ព​អ៊ីស្រាអែល​​ច្រើន​នាក់​ នៅ​ផ្នែក​ម្ខាង​ផ្សេង​ទៀត​នៅ​កន្លែង​របង​ព្រំដែន​នោះ។ ​រថយន្ត​សង្គ្រោះ​​បន្ទាន់​បាន​ដឹក​ជញ្ជូន ​​អ្នក​រង​របួស​យ៉ាង​ហោច​ណាស់ ​​៤​នាក់​​ទៅ​កាន់​មន្ទីរពេទ្យ​​ស៊ីហ្វា​ក្នុង​​ទីក្រុង​ហ្កាហ្សា។ ក្រុម​គ្រូ​ពេទ្យ​បាន​និយាយ​ថា កង​ទ័ព​អ៊ីស្រាអែល​​នៅ​តាម​ព្រំដែន​​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ ១៩​នាក់​រង​របួស​ដោយ​​គ្រាប់​កាំ​ភ្លើង​។

​អ្នក​នាំ​ពាក្យ​​យោធា​អ៊ីស្រាអែល​​ម្នាក់​បាន​​និយាយ​ថា ជន​ជាតិ​ប៉ាឡេស្ទីន​ប្រហែល​ ៤០០​នាក់​បាន​ចូល​រួម​នៅ​ក្នុង​កុបកម្ម​ នៅ​កន្លែង​​ធំ​ៗ​មួយ​ចំនួន​​តាម​ព្រំដែន​​តំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល។ ​លោក​ស្រី​អ្នក​នាំ​ពាក្យ​​បន្ត​ថា ​ក្រុម​កុបករ​បាន​​រមៀល​កង​រថយន្ត​ដុត​ឆេះ​​សន្ធោសន្ធៅ​ និង​គប់​ដុំ​ថ្ម​ទៅលើ​​កង​កម្លាំង​ IDF និង​កង​សន្តិសុខ​​ ព្រមទាំង​បាន​បន្ត​ថា​ កង​ទ័ព IDF បាន​បាញ់​កាំភ្លើង​​ដែល​ប្រើប្រាស់​​គ្រាប់​ពិត​​ សំដៅ​ទៅលើ​ក្រុម​អ្នក​​តវ៉ា​មួយ​ចំនួន​​ ដែល​​គំរាម​កំហែង​​ទៅ​ដល់​​កង​ទ័ព​ IDF និង​កង​កម្លាំង​សន្តិសុខ៕​​

អត្ថបទ៖ រិទ្ធី