ពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុង​ពេល​បើកបរ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន

64

ភ្នំពេញ ៖ ​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​បានធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ក្នុង​ពេល​បើកបរ​ទី​ជិត ទី​ឆ្ងាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នាពេល​ខាងមុខ​។

យោង​តាម​សេចក្តី​អំពាវនាវ​ស្តីពី ​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល ឆ្នាំ​ចិន​-​វៀតណាម​ ចុះ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ កន្លងទៅ ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ឲ្យ​ដឹងថា ​ភាគច្រើន​ នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាល​មកពី​ការ​បើកបរ​យានយន្ត​មិន​គោរព​ច្បាប់ ឬ​ធ្វេសប្រហែស ​ដូចជា​ បើកបរ​លើស​ល្បឿន​កំណត់ ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ មិន​គោរព​សិទ្ធិ​អាទិភាព​ មិន​ពាក់មួក​សុវត្ថិភាព ​ការ​វ៉ា​ជែង​ប្រថុយប្រថាន​ការ​ដឹក​ទំនិញ ​ ឬ ​អ្នកដំណើរ​លើស​កំណត់​ជាដើម ​។​ល​។

សេចក្តីអំពាវនាវ ​ដដែល​ បាន​បញ្ជាក់ថា ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធី បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ​វៀតណាម​ខាងមុខនេះ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​សូម​អំពាវនាវ​ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ ​ត្រូវ​បើកបរ​ដោយ​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​រួមមាន ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ជិះ​ទោចក្រយានយន្ត ត្រូវ​បើកបរ​តាម​ល្បឿន​កំណត់​។​ ត្រូវ​បើកបរ​មិន ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ​ត្រូវ​គោរព​សិទ្ធិ​អាទិភាព មិន​ត្រូវ​វ៉ា​ជែង​ក្នុង​ស្ថានភាព​សុវត្ថិភាព​ ត្រូវ​ដឹកទំនិញ​ ឬ​ អ្នកដំណើរ​តាមច្បាប់​កំណត់​ជាដើម​ ព្រមទាំង​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ​និង​ប្រកបដោយ​សីលធម៌​ យោគយល់​អធ្យាស្រ័យ​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​សម្ដែង​នូវ​សេចក្តី​សង្ឃឹម​ជឿជាក់ លើ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់រូប ​នឹងចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​ក៏ដូចជា ​អនុវត្តតាម​សេចក្តី​អំពាវនាវ​នេះ ​ដើម្បី​នាំមក​នូវ​សុវត្ថិភាព និង​សេចក្តីសុខ​ក្សេមក្សាន្ត ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​១៨​ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​៕