រត់​ដើម្បី​សេចក្ដី​ស្រលាញ់​ឆ្នាំ​នេះ​ជំរុញ​ឲ្យ​យុវជន​-​យុវនារី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​អត្ថន័យ​ថ្ងៃ​១៤​កុម្ភៈ

31

រត់​ប្រណាំង៖ រំលង​តែមួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះទិវា​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ថ្ងៃ​១៤-​កុម្ភៈ ឆ្នាំ​២០១៨ នឹង​ចូល​មកដល់។ ប៉ុន្តែ​ដូច​ឆ្នាំ​មុន​ៗ​ដែរមុន​ឈាន​ដល់​ថ្ងៃបុណ្យ​ មាន​ប្រភព​ពី​តំបន់​អឺរ៉ុប​មួយ​នេះគណៈកម្មការ​ស្ដ្រី និង​កីឡា នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​មួយដើម្បី​អបអរសាទរ និង​បញ្ជាក់​ពី អត្ថន័យ​ត្រឹមត្រូវ​នៃ​ថ្ងៃ​១៤-​កុម្ភៈ គឺជា​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់ មិន​មែន​ជា​ថ្ងៃបុណ្យ​សង្សារដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ។ព្រឹត្តិការណ៍​នេះ​មាន​ឈ្មោះថា ស្ដ្រី និង​កីឡារត់​ដើម្បី​សេចក្ដី​ស្រលាញ់លើក​ទី​៥ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រកាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ម្សិលមិញ។ ក្រោយ​បញ្ចប់​ការ​រត់​ប្រណាំង​ដោយ​ជោគជ័យ គេ​ឃើញ​អ្នកចូលរួម​ភាគច្រើនដែល​ជា​យុវជន​-​យុវនារី​បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ ហើយ​ក៏បាន​យល់ដឹង​កាន់តែ ច្បាស់​អំពី​គោលបំណង ដែល​នាំ​ឲ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​ផង​ដែរ។ សុភាពបុរស​-​សុភាពនារីដែល​បាន​ចូលរួម​រត់​ ដើម្បី​ចែករំលែក​សេចក្ដី​នា​ឱកាស​នោះ បាន​រៀបរាប់​ប្រាប់​ក្រុមការងារ BTV ថា ពីមុន​ពួកគេ​ពិតជា​ធ្លាប់​លឺ​ថ្ងៃ​១៤-​កុម្ភៈគឺជា​ថ្ងៃបុណ្យ​សង្សារ​ពិតមែន តែ​បច្ចុប្បន្ន​មិន​ដូច្នោះ​ទេ ពិសេស​ក្រោយ​មាន​ការ​រត់​ដើម្បី​សេចក្ដី​ស្រលាញ់ និង​មានការ​ផ្សព្វផ្សាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ពួកគេ​បាន​យល់ដឹង​យ៉ាង​ច្បាស់​ពី​អត្ថន័យ​ថ្ងៃ​១៤-​កុម្ភៈ គឺជា​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រលាញ់។ ហេតុនេះ​ពួកគេ​បាន​អំពាវនាវ​ដល់​អ្នកនៅ​ភាន់ច្រឡំ ត្រូវ​កែតម្រូវហើយ​ត្រូវ​ចៀស​ឲ្យ​ផុត​ ពី​ការ​យក​ថ្ងៃ​ពុធ​ខាងមុខទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ផ្សេងៗ។​

​សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ «​ស្ដ្រី និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រលាញ់​» ឆ្នាំ​២០១៨​នេះគឺ​មាន​អ្នកចូលរួម​ជាង ៣​ពាន់​នាក់ ដែល​ជា​ការ​រត់​លក្ខណៈ​កម្សាន្ត​សប្បាយ​ៗ លើ​វិញ្ញាសា​រត់​ចម្ងាយ ៥​គីឡូម៉ែត្រ​អាយុ ១៧​ឆ្នាំ​ចុះ​, អាយុ ១៨​ឆ្នាំ​ឡើង និង​ការ​លេង​ល្បែង​ប៉េងប៉ោង​ជា​គូ​ជាដើម ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោកជំទាវ ម៉ក វណ្ណ​ស៊ីថា ប្រធាន​គណៈកម្មការ​ស្ដ្រី និង​កីឡា​។ បន្ថែម​លើ​នេះក៏​មាន​ការ​ប្រមូល​មូលនិធិ​ពី​ការរៀបចំ សម្រាប់​ទិញ​សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា ជួយ​ដល់​សាលា​មាន​កង្វះខាត​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ៕
​អត្ថបទ៖ លី ឈុន​ឡា