កីឡា​ហាប់​គី​ដូ​បន្ត​ការអភិវឌ្ឍន៍ ព្រោះ​ចង់​សម្រេច​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​

41

ហាប់​គី​ដូ៖ សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា បាន​នឹង​កំពុង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​បន្តិច​ម្ដងៗ តាមរយៈការ​បង្កើន​ធនធានកីឡាករ​-​កីឡា​ការិនី ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ម្សិលមិញ សហព័ន្ធ​បាន​ចែក​សញ្ញាប័ត្រ ដល់​សិស្ស​គុណ​ហាប់​គី​ដូ​ចំនួន ៥​នាក់ដែល​ទើប​ប្រឡង​ជាប់​កាល​ពី​ពេល​ថ្មីៗ។

ដោយ​ហេតុ​នេះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​ប្ដេជ្ញា​ចិត្ត នឹង​បន្ត​ការអភិវឌ្ឍន៍ ដើម្បី​ឈាន​ទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ស្វែងរក​កៅអី​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ លើ​ទឹកដី​កម្ពុជា។ ឯកឧត្ដម ម៉ក់ សំអុល ប្រធាន​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជាបាន​មានប្រសាសន៍ថា មហិច្ឆតា​របស់​ហាប់​គី​ដូគឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ទទួលស្គាល់ដើម្បី​សម្រេច​គោលដៅ​ធំ​របស់​សហព័ន្ធ គឺ​ការដាក់បញ្ចូល​កីឡា​ហាប់​គី​ដូ​ទៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ទន្ទឹម​នឹង​ការ​អះអាង​ពោល​ពេញ​ដោយ​ភាពជឿជាក់​នេះ ក៏ដោយ​សារ​មានការ​ជំរុញ​លើទឹក​ចិត្ត​ពី​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ។​ ឯកឧត្ដម​បន្ដ​ថា ទោះបី​ហាប់​គី​ដូ​មិន​ទាន់​បាន​ចូល​ក្នុង​បញ្ជី​ ប្រភេទ​កីឡា​ត្រៀម​ស៊ី​ហ្គេម​ក៏​ពិត​មែន តែ​ថ្នាក់ដឹកនាំគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​រំលឹក​ថា ទាល់តែ​ឆ្នាំ​២០២១ ទើប​មានការ​សម្រេច​ប្រភេទ​កីឡា​ពិតប្រាកដ។

ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​កីឡា​ហាប់​គី​ដូ ចិញ្ចឹម​ចិត្ត​បន្ត​តស៊ូ​ខិតខំ​អភិវឌ្ឍន៍​ខ្លួន និង​ស្វែងរក​ការ​សហការ​ពី​ដៃគូ​អន្តរជាតិ ពិសេស​ប្រទេស​ក្នុង​តំបន់​យ៉ាង​ហោច ៤​ប្រទេស ដើម្បី​គាំទ្រ​ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ហាប់​គី​ដូ ទៅ​ក្នុង​ការប្រកួតកីឡា​ស៊ី​ហ្គេម ស្រប​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣។​ លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ហាប់​គី​ដូកំពុង​មាន​កង្វះខាតធនធានមនុស្ស បន្ទាប់ពី​សិស្ស​ច្បង​មួយ​ចំនួន ក្រោយ​ហ្វឹកហាត់​បាន​ខ្សែក្រវាត់​ខ្មៅ បាន​លាឈប់​ពី​ហាប់​គី​ដូទៅ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​។ តែ​យ៉ាងណា​លោក​បាន​ប្ដេជ្ញា​ចិត្តនឹង​រុញច្រាន​កីឡា​ប្រយុទ្ធ​មួយ​នេះ ឲ្យ​មានការ​អភិវឌ្ឍន៍កាន់​តែ​ខ្លាំង ដើម្បី​សម្រេច​គោលដៅ​ខ្លួន និង​ការប្រកួត​លើ​ឆាក​អន្តរជាតិ ត្បិត​សមាគម​កីឡា​ហាប់​គី​ដូ​ពិភពលោកបាន​រៀប​ចំ​ការប្រកួត​ជារឿយៗ តែ​កម្ពុជា​មិន​ទាន់​មាន​ធនធាន​កីឡាករ​ចូលរួម​នៅឡើយ។

សម្រាប់​កម្មវិធី​ចែក​សញ្ញាប័ត្រ​ដល់​សិស្ស​គុណ​ហាប់​គី​ដូ​ចំនួន ៥​នាក់​វិញគឺ​បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល​កីឡា អង្គភាព​ក្រសួងមហាផ្ទៃ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​សិស្ស​គុនដែល​ប្រឡង​ជាប់ គឺ​មាន​កម្រិត​ខ្សែក្រវាត់ ១​ដាន់ ៣​នាក់ និង​កម្រិត​ខ្សែក្រវាត់ ២​ដាន់ ២​នាក់។ បន្ថែម​លើ​នេះសហព័ន្ធ​ក៏បាន​រៀបចំ​កម្ម​វិធី​ចែក​លិខិត​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន និង​សប្បុរសជន តែង​ជួយ​ដល់​កីឡា​ហាប់​គី​ដូនា​ពេល​កន្លងមក​ផង​ដែរ៕
អត្ថបទ៖ លី​ឈុន​ឡា