Dortmund យក​ឈ្នះ Hamburger 2-0 ខណៈ Bayern Munich បន្ត​ឈ្នះ 9​ប្រកួត​ជាប់​គ្នា​

82
Dortmund 2-0 Hamburger

បាល់ទាត់៖ ក្រុម​លេខ​3 ក្នុង​តារាង Borussia Dortmund បាន​ឈ្នះ​ក្រុម​បាត​រាង Hamburger 2-0 ក្នុង​សប្ដាហ៍​ទី​22 នៃ​លី​ហ្គ​កំពូល​អាល្លឺម៉ង់ Bundesliga​។

Dortmund 2-0 Hamburger

​វគ្គ​ទី​មួយ​មិន​មាន​គ្រាប់​ស៊ុត​បញ្ចូល​ទីនោះ​ទេ បន្ទាប់ពី​ក្រុម​ទាំងពីរ​មានឱកាស​ដូចគ្នា ​ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​។ ការប្រកួត​ចូល​ដល់​វគ្គ​ទី​ពីរ​ទើប​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​កវ័យ 24​ឆ្នាំ Michy Batshuayi រក​បាន​គ្រាប់​ឲ្យ Dortmund នាំមុខ 1-0 នាទី​ទី​49 បន្ទាប់ពី​ត្រូវ​បាន​គេ​នាំមុខ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Hamburg បាន​ព្យាយាម​វាយបក​វិញ​ដែរ ប៉ុន្តែ​នៅតែ​មិន​អាច​ធ្វើ​អ្វី​បាន​រហូតដល់​នាទី​ទី90+2 ជិត​ចប់​ការប្រកួត​ទៅ​ហើយ​នោះ Mario Gotze គឺជា​អ្នក​បញ្ចប់​ក្តី​សង្ឃឹម​របស់ Hamburger SV​។ ចប់​ការប្រកួត Dortmund យក 3​ពិន្ទុ​ពី​ភ្ញៀវ Hamburger SV ក្នុង​សប្ដាហ៍​ទី​22​។

Bayern Munich 2-1 Schalke 04

​មួយ​គូ​ទៀត​កាលពី​យប់មិញ​ក្រុម​ការពារ​តំណែង​ជើងឯក FC Bayern Munich ក៏​រក​បាន 3​ពិន្ទុ​ដែរ បន្ទាប់ពី​ឈ្នះ​ក្រុម​ដែល​កំពុង​ឡើង​ជើង Schalke 2-1 ទាំង​លំបាក​។​ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​ប៉ូឡូញ Robert Lewandowski គឺជា​អ្នក​បើក​ការ​នាំ​មុខ​ឲ្យ Bayern Munich ក្នុង​នាទី​ទី​6 ប៉ុន្តែ​បេក្ខភាព​មាន​កៅអី​ប្រជែង​ពាន DFB Pokal ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Schalke បាន​តាម​ស្មើ​វិញ 1-1 នាទី​ទី​29​។ ការប្រកួត​តាន់​តែ​ជក់ចិត្ត បន្ទាប់ពី​អតីត​កីឡាករ​ជម្រើស​ជាតិ​ហូ​ឡង់ Arjen Robben បង្កើត​ឱកាស​ឲ្យ Thomas Muller រក​បាន​គ្រាប់​នាំមុខ​ម្តង​ទៀត 2-1 នាទី​ទី​36 ហើយ​លទ្ធផល​នេះ​រក្សា​រហូតដល់​ចប់​ការប្រកួត ធ្វើ​ឲ្យ Bayern Munich បន្ត​ឈរ​លេខ​មួយមាន 56​ពិន្ទុដាច់ 18​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ RB Leipzig ដែល​បាន​ឈ្នះ Augsburg 2-0​។

Bayern Munich 2-1 Schalke 04

​រំលឹក​ដែរ​ថា Bayer Munich និង Schalke នៅ​មាន​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍ DFB Pokal ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ Bayer Munich ត្រូវ​ជួប Bayer Leverkusen ហើយ Schalke ប៉ះ Eintracht Frankfurt នៅ​ថ្ងៃ​ទី17​ និង​18 មេសា​ខាងមុខ​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា