ក្រុម​អ្នក​តវ៉ា​កូរ៉េខាងត្បូង​ប្រឆាំង​នឹង​កូរ៉េខាងជើង​​ដុត​ទង់ជាតិ​រួប​រួម​ឧបទ្វីប​កូរ៉េ​

106

កូរ៉េខាងត្បូង៖ ​ក្រុម​អ្នក​តវ៉ា​កូរ៉េខាងត្បូង​ប្រហែល​ ១​ពាន់​នាក់បាន​ប្រមូល​ផ្ដុំ​គ្នា ​ប្រឆាំង​នឹង​កូរ៉េខាងជើងកាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​អញ្ជើញលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេ​អ៊ី​ន ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​។​

​​អ្នកនាំពាក្យវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ​ក្នុង​ទីក្រុងសេ​អ៊ូ​លនិយាយ​ថា លោកស្រី គីម យ៉ូ​ជុង ដែល​កំពុង​ធ្វើ​ទស្សនកិច្ចនៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួមព្រឹត្តិការណ៍កីឡា​អូឡាំពិករដូវរងា បាន​នាំ​យក​លិខិត​អញ្ជើញ​ផ្ទាល់ខ្លួនពី​បងប្រុសរបស់​លោកស្រី អំឡុង​ជួបជាមួយ​លោក មូ​ន ចេអ៊ី​ន ។ ​​នគរបាល​បាន​ប៉ាន់ប្រមាណ​ថា ក្រុម​អ្នក​តវ៉ា​ប្រហែល ១,៣០០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​ខាង​មុខមជ្ឈមណ្ឌល​វប្បធម៌ Dongdaemun Design Plaza ហើយ​ពួកគេ​បាន​ដុត​ទង់ជាតិរួបរួម​ឧបទ្វីប​កូរ៉េ ដែលត្រូវ​បានប្រើ​ដោយ​អត្ត​ព​លិ​កកូរ៉េ​ខាងត្បូង ​និង​កូរ៉េខាងជើង​ នៅ​ពេល​ដែល​ពួកគេដើរ​ក្បួន​រួមគ្នា ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍កីឡា​អូឡាំពិករដូវរងាក្រុងព្យុង​ឆាង (Pyeongchang Winter Olympics)។​

​ទង់ជាតិ​រួបរួម​កូរ៉េបង្ហាញពី​ឧបទ្វីប​កូរ៉េ មាន​ពណ៌​ខៀវផ្ទៃ​ខាងក្រោយ​ពណ៌​សមាន​តាំងពី​ឆ្នាំ​១៩៨៩ ​មក នៅ​ពេល​ដែលកូរ៉េ​ទាំង​២ ​បាន​ព្រមព្រៀងគ្នា​ប្រើទង់ជាតិ​ថ្មី​មួយ សម្រាប់ក្រុមចម្រុះ​បើ​អាច​បង្កើត​ទៅ​បានក្នុងកីឡា​ Asian Games កាល​ពីឆ្នាំ​១៩៩០៕
អត្ថបទ៖ សុខ​មាន