អ៊ីរ៉ង់​នៅតែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ហ្វូ​ត​សាល​ក្រោយ​បំបាក់​ជប៉ុន 4-0 វគ្គ​ផ្ដាច់ព្រ័ត្រ​

94

បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល​ជម្រើស​ជាតិ ​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី AFC Futsal សម្រាប់​ឆ្នាំ២០១៨ នេះ​បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ​ម្សិល​ម៉ិ​ញ​នេះ​ ដោយ​ក្រុម​អ៊ីរ៉ង់​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ បា​ន​ស​ម្រេច​នឹង​ជា​ជើង​ជើងឯក​លើក​ទី​១២ ក្នុង​ប្រវត្តិសាស្ត្រ។​​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​គឺ​ជំនួប​ក្រុម​ជប៉ុន​គោល​ចរ​ជួប​ក្រុម​ជើងឯក​អ៊ីរ៉ង់ ក្រោយពី​ក្រុម​ទាំងពីរ​គឺ​សុទ្ធសឹងតែ​បាន​យកឈ្នះ​គូប្រកួត​ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​ៗ​គ្នា ដោយ​ជប៉ុន​បាន​យកឈ្នះ​អ៊ីរ៉ាក់ 3-0 ចំណែក​ឯ​អ៊ុយ​ប៉េ​គី​ស្ថាន​ចាញ់​អ៊ីរ៉ង់ 7-1។​ ​ការប្រកួត​ដ៏​ស្វិតស្វាញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទាំងពីរ​ស្ទើរតែ​គ្មាន​គ្រាប់​ទៅ​ហើយ ចម្លែក​អី​នៅសល់​មិន​ដល់​មួយ​នាទី​ផង ​ក្រុម​អ៊ីរ៉ង់​ក៏​មាន​សំណាង​បាន​នាំមុខ 1-0 មុន​នៅ​នាទី​ទី​១៩ ដោយ​ថ្វី​ជើង​កីឡាករ​ប្រធាន​ក្រុម Hassanzadeh បាន​យ៉ាង​ល្អ។​ ​​ការប្រកួត​បន្ត ២០នាទីចុងក្រោយ​ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន​ មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ទោះបី​ប្ដូរ​ការ​លេង​ដ៏​គ្រោះថ្នាក់​មួយ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរជា​ក្រុម​អ៊ីរ៉ង់​រក​បាន ៣​គ្រាប់​ផ្ទួនៗ​គ្នា​ពោល​គឺ​កីឡាករ Tavakilo ជា​អ្នករក​គ្រាប់​ទី២ នាទី​ទី២១ មុន​ពេល​ដែល​កីឡាករ Hassanzadeh ដដែល​ជា​អ្នក​ស៊ុត​គ្រាប់​ទី​៣ នឹង​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ Tayyebi ស៊ុត​គ្រាប់​ធានា​ជ័យជំនះ 4-0 នៅ​នាទី​ទី​៣៩។

​​តាមរយៈ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​អ៊ីរ៉ង់​ ក្លាយ​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ហ្វូ​ត​សាល​ជម្រើស​ជាតិអាច​និយាយ​បាន​ថា ​ជា​ខ្លា​ហ្វូ​ត​សាល​នៅ​អាស៊ី រីឯ​ជប៉ុន​វិញ​បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ​ ដោយ​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន ៧​ដង​បាន​ឈ្នះ​តែមួយ​លើក​ប៉ុណ្ណោះ​កាល​ឆ្នាំ​២០១៤ នៅ​លើ​ទឹកដី​វៀតណាម​ដោយ​បាល់​ប៉េ​ណា​ល់​ទី​3-0។​ ​ដោយឡែក​ឯ​ការប្រកួត​នៅ​ក្នុង​ការ​ដណ្ដើម​តំណែង​លេខ​៣ វិញ​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ហ្វូ​ត​សាល​អ៊ុយ​ប៉េ​គី​ស្ថាន ​ជា​អ្នកឈ្នះ​ដោយ​បំបាក់​ក្រុម​អ៊ីរ៉ាក់​ក្នុង​លទ្ធផល​ប៉េ​ណា​ល់​ទី 2-1 ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ