JICA នឹង​ផ្ដល់​ជំនួយ​២៧​លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​ស្អុយ

71

ភ្នំពេញ ៖ ​ ប្រធាន​មន្ទី​រសាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ឲ្យ​ដឹងថា ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា (JICA)​នឹង​ផ្តល់​ជំនួយ​២៧​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​ស្អុយ​ជំហាន​ទី​១​ នៅក្នុង​តំបន់​ជើងឯក រាជធានី​ភ្នំពេញ​។

លោក សាំ ពិ​សិទ្ធ ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​បានលើកឡើង នៅក្នុង​ពិធី​បញ្ជ្រាប​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​លូ នៅ​រាជធានី​ភ្នំពេញ ​ដែល​រៀបចំ​ដោយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន និង​ក្រុង​ឃី​តា​ឃ្យូ​ស្យ៊ូ នា​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ​នេះ​ថា ដើម្បី​កាត់បន្ថយ​ដល់​បញ្ហា​បរិស្ថាន ការ​ភាយ​បំពុល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព រាជធានី​ភ្នំពេញ​នឹង​ទទួល​បាន​គម្រោង​ជំនួយ​ពី JICA ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ ដែលមាន​ទឹកប្រាក់​ប្រមាណ​២៧​លាន​ដុល្លារ ដើម្បី​អនុវត្តន៍​សាងសង់​គម្រោង​នេះ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​គោលដៅ​បញ្ជៀស​ប​ញ្ហា​ទឹក​កខ្វក់​។

លោក​​ បន្តថា នៅ​រាជធានី​ភ្នំពេញ​គឺ​ពុំទាន់​មាន​ស្ថានីយ ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ មុននឹង​បង្ហូរ​ចូល​ទន្លេ បឹងបួរ​ នានា ​ហើយ​បច្ចុប្បន្ន​បញ្ហា​ទឹក​កខ្វក់​នេះ​ កំពុង​បំពុល​ទឹកទន្លេ ​និង​បឹង​បួរ​មួយចំនួន​ នៅ​ប៉ែក​ខាងត្បូង និង​ខាងជើង​រាជធានី​ភ្នំពេញ​។​

លោក សាំ ពិ​សិទ្ធ បានបញ្ជាក់​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង មានដូចជា ​បណ្ដាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង​គ្រប់​ប្រភេទ ​និង​ប្រវែង​ប្រមាណ​៧​ម៉ឺន​ម៉ែត្រ​, អណ្ដូង​លូ​គ្រប់​ប្រភេទ​ចំនួន​ជាង​៤​ម៉ឺន​អណ្ដូង​លូ​, ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​សរុប​ប្រវែង​ជិត​៦​ម៉ឺន​ម៉ែត្រ ក្នុងនោះ​ប្រឡាយ​បេតុង​មាន​ប្រវែង​ជាង​៣​ម៉ែត្រ និង​មាន​ស្ថានីយ៍​បូមទឹក​ជុំវិញ​ទីក្រុង​ចំនួន​១៣​ស្ថានីយ​ផងដែរ​៕