អាមេរិក​យក​ឈ្នះ​ហូ​ឡង់​ក្នុង​ពាន Fed Cup ខណៈ Serena Williams ចូល​ប្រកួត​លើកដំបូង​តាំងពី​សម្រាលកូន​

64
ក្រុមសហរដ្ឋអាមេរិក

តេន្នីស៖ ​ក្រុម​វាយ​កូន​បាល់​ស្ត្រី​អាមេរិក​បាន​ឈាន​ដំណើរ​ ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយនៃ​ការប្រកួត​ពានរង្វាន់ Fed Cup ក្រោយ​ឈ្នះ​ក្រុម​ហូ​ឡង់ 3-1 ចុង​សប្ដាហ៍​កន្លងទៅ​។

ក្រុមសហរដ្ឋអាមេរិក

​​Venus Williams ជា​អ្នក​រក​បាន​ជ័យជំនះ​វិញ្ញាសា​ចុងក្រោយ​ លើ​កីឡា​ការិនី​ហូ​ឡង់ Richel Hogenkamp ដែល​មាន​ចំណាត់ថ្នាក់​លេខ108 ពិភពលោក​លទ្ធផល 7-5, 6-1​។ Venus Williams ក៏បាន​យកឈ្នះ​ផង​ដែរ​លើ Arantxa Rus ប្រកួត​ដំបូង​មុន​ពេល​ដែល Coco Vandeweghe ក៏​រក​បាន​ជ័យជំនះ​ដូចគ្នា​។​ ​3-0 មាន​ន័យ​ថា​ អាមេរិក​ធាន​បាន​កៅអី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ តែ​នៅសល់​មួយ​ប្រកួត​វិញ្ញាសា​វាយ​គូ​នារី​ជើងឯក Grand Slam 23កម្មវិធី Serena Williams បាន​វិល​ចូល​ប្រកួត​លើកដំបូង​ ចាប់​តាំង​ពី​សម្រាលកូន​កាលពី​ខែ​កញ្ញា​ឆ្នាំមុន តែ​បាន​ត្រឹម​បរាជ័យ​ប៉ុណ្ណោះ​នៅ​ពេល​ចាប់​ដៃគូ​ជាមួយ​បងស្រី​របស់​នាង​។ ​យ៉ាង​ណា​ក៏ដោយ​ក្រុម​វាយ​កូន​បាល់​ស្ត្រី​អាមេរិក ​មាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​បារាំង​។

ក្រុមបារាំង

ងាក​មក​ទស្សនា​ក្រុម​បារាំង​ទំរាំ​មាន​កៅអី​វគ្គ​បួន​ក្រុម​ចុងក្រោយ គឺ​ត្រូវ​ឈ្នះ​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក​ទាំង​តានតឹង​។ ​Elise Mertens របស់​ប៊ែ​ល​ហ្ស៊ិ​ក​យកឈ្នះ​ប្រកួត​ដំបូង​លើ Pauline Parmentier មុន​ពេល​ដែល Kristina Mladenovic យកឈ្នះ Kirsten Flipkens វិញ​ស្មើគ្នា 1-1​។ វិញ្ញាសា​ឯកត្តជន​ដដែល Mladenovic យកឈ្នះ Elise Mertens តែ​កីឡា​ការិនី​ប៊ែ​ល​ហ្ស៊ិ​ក Alison Van Uytvanck យកឈ្នះ Pauline Parmentier វិញ​ធ្វើ​អោយ​ក្រុម​ទាំងពីរ​ស្មើគ្នា 2-2​។

ក្រុមបារាំង

​​ប្រកួត​ចុងក្រោយ​កាត់សេចក្ដីវិញ្ញាសា​វាយ​គូទើប​កីឡា​ការិនី Kristina Mladenovic និង Amandine Hesse យកឈ្នះ​ដៃគូ​ប៊ែ​ល​ហ្ស៊ី​ក Kirsten Flipkens/ Elise Mertens លទ្ធផល 6-4, 2-6 និង 6-2​។ ​ជ័យ​ជំនះ​នេះ​ធ្វើ​អោយ​បារាំង​ឈានឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Fed Cup លើកដំបូង​ក្នុង​រយៈពេល 4ឆ្នាំដោយ​នឹង​ត្រូវ​ជួប​ជាមួយ​អាមេរិក​នៅ​ខែ​មេសា​ខាងមុខ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ​