លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​

67

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១២ ​ខែ​កុម្ភៈ​នេះ​ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច ​បាន​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោកជំទាវ ម៉ា​នី​កា ចេ​ន​(Manika Jain)​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា​។​

នៅ​ក្នុង​ជំនួប​នោះដែរ​ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន ​សំអន​ បាន​ស្វាគមន៍​ចំពោះ​លោកជំទាវ ម៉ា​នី​កា ចេ​ន (Manika Jain) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​លោកជំទាវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី និង​បាន​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយ​សារតាំង ចំពោះ​ព្រះករុណា ព្រះមហាក្សត្រ រួច​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន ​បាន​មាន​ប្រសា​ស​ន៍​លើក​ឡើង​ថា ​​តាមរយៈ លោកជំទាវ​ឯកអគ្គរដ្ឋទូត ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ កាន់តែ​រីកចម្រើន រឹងមាំ​ថែមទៀត​។

កិច្ច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ឥណ្ឌា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ជាពិសេស លើ​វិស័យ​ការងារ​អធិការកិច្ច និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភាព្រឹទ្ធសភា​។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ឥណ្ឌា​គឺជា​ដៃគូរ​កិច្ច​សហ ប្រតិបត្តិការ យ៉ាងសំខាន់ ក្នុង​ក្របខណ្ឌ តំបន់ ជាពិសេស សមាគម​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​។ ដោយឡែក​ជាមួយ​កម្ពុជា ឥណ្ឌា​មាន​ទំនាក់ទំនង​ពិសេស តាំងពី​បុរាណកាល​បន្ត​ដល់​បច្ចុប្បន្ន​និង​ពេលអនាគត​រវាង​។

ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដំបូង​គេ​បង្អស់​ដែល​ទទួលស្គាល់​កម្ពុជា នៅពេលដែល​កម្ពុជា​កំពុងមាន​ការលំបាក ក្រោយពី​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​។ ឥណ្ឌា​បានផ្តល់​ហិរញ្ញ​ប្ប ទាន​ឥត​សំណង និង​ឥណទាន​សប្បទាន​ជាច្រើន​គម្រោង​សម្រាប់​ការអភិវឌ្ឍ​ដល់​កម្ពុជា ដែល​រួមចំណែក ជា​កម្លាំងចលករ​ជួយ​ជំរុញ​ល្បឿន​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​កាន់តែខ្លាំង​ក្លា​ឡើង​។ ការរីកចម្រើន​របស់​កម្ពុជា​ពុំ​អាច​កាត់ផ្តាច់ ពី​ការជួយឧបត្ថម្ភ​គាំទ្រ​របស់​ឥណ្ឌា​បានឡើយ​។

ដំណើរ​បំពេញ​ទស្សនៈកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឥណ្ឌា​កាលពី​ថ្ងៃទី ២៤២៧ ខែមករា ឆ្នាំ ២០១៨ កម្ពុជា​-​ឥណ្ឌា បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​៤ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅកាន់​ប្រទេស​ឥណ្ឌា​រយៈពេល ៥​ថ្ងៃនេះ​។

កិច្ចព្រមព្រៀង​ចំនួន​៤ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នោះ​រួមមាន​៖

. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការទប់ស្កាត់ ការជួញដូរ​មនុស្ស​

. សន្ធិសញ្ញា​ស្តីពី ការជួយ​គ្នា​ទៅវិញ ទៅមក​ផ្នែក​ច្បាប់​លើ​បញ្ហា​ព្រហ្មទណ្ឌ

. កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​

.​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ៣៦,៩២ លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្វាហាប់​។ តាមរយៈ​នៃ​កិច្ច​ព្រម ព្រៀង​ទាំង​៤ ខាងលើនេះ​ក៏បាន​ជំរុញ និង​បាន​បង្កើន​នូវ​ទំនាក់ទំនង នៃ​កិច្ចសហប្រតិបត្តិការ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ឥណ្ឌា​កាន់តែ​ល្អប្រសើរ​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​ជំរាប​លោក​ទំ​ទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​អំពី​សភាពការណ៍​សេដ្ឋកិច្ច និង​នយោបាយ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ថេរ​ជាង ៧ ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ និង​បាន​ប្រែ ក្លាយ​ខ្លួ​លពី​សមរភូមិ ទៅជា​ទីផ្សារ​ដ៏​ទាក់ទាញ ពី​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយ សារ​សង្គ្រាម ទៅជា​ប្រទេស​ដែលមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ និង​ពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​តិច​បំផុត ឬ​ក្រីក្រ​បំផុត ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប​។​

ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​មូលដ្ឋាន​ឃុំ​-​សង្កាត់ កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៧​ថ្មីៗ​នេះ​គណបក្ស ប្រជាជន​បានឈ្នះ និង​ដឹកនាំ​ឃុំ​-​សង្កាត់​ចំនួន ជាង​៧០​ភាគរយ​។ គណបក្ស​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឈានឡើង​ទៅមុខ ប្រកបដោយ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ចាត់​វិធានការណ៍ ទៅតាម​ផ្លូវច្បាប់ ដើម្បី​នាំ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ផ្តន្ទាទោស ហើយ​តុលាការ​បានសម្រេច​រំលា​យ គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​គណបក្ស​នោះ ធ្វើ​ខុសច្បាប់​។

ទោះជា​គណបក្សប្រឆាំង​ត្រូវបាន​រំលាយ​ក្តី គណបក្ស​ជាច្រើន​ទៀត​នៅតែ​បន្ត និង​ការបោះឆ្នោត​សកល​នៅ​ខែកក្កដា ឆ្នាំ ២០១៨ នឹងធ្វើ​ឡើង​ដោយ​គ្មាន​ការផ្លាស់ប្តូ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ក៏​នៅតែ​បន្ត ទៅតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា​ដែល​បាន​ចែងថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារសេរី លទ្ធិប្រជាធិបតេយ្យ និង​ពហុបក្ស​។ ដូច្នេះ គ្មាន​នរណាម្នាក់ គ្មាន​គណបក្ស​ណាមួយ ឬ​ប្រទេស​ណាមួយ​ចាប់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង​បានឡើយ​៕​