កូរ៉េ​ខាង​ត្បូង​​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​​ជាមួយ​អាមេរិក​​ដោយ​ផ្ដោត​​ទៅ​លើ​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង​

102

កូរ៉េ​ខាង​ត្បូង៖ ក្រសួង​បង្រួបបង្រួម​ជាតិ​​របស់កូរ៉េ​ខាង​ត្បូង​​បាន​និយាយ​ថា ពួក​គេ​កំពុង​ធ្វើ​សហប្រតិបត្តិការ​ជិត​ស្និត​ជាមួយ​សហរដ្ឋ​អាមេរិក​​ ដើម្បី​ដោះស្រាយ​​​កម្ម​វិធី​​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង​​ ខណៈ​ដែល​​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​អញ្ជើញ​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​ លោក មូន ចេអ៊ីន ​ឲ្យ​ទៅ​​ពិភាក្សា​​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​នោះ។

​អ្នក​នាំ​ពាក្យ​​ប្រធានាធិបតី​​​​​​និយាយ​ថា ​ប្អូន​ស្រី​​របស់​មេដឹកនាំ​​កូរ៉េ​ខាង​ជើង​​​​ដែល​​បាន​មក​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ដើម្បី​ចូល​រួម​​កីឡា​អូឡាំពិក​​រដូវរងា​​ក្រុង​ព្យុងឆាង​នោះ​ ក៏​បាន​​ពាំនាំ​នូវ​ការ​អញ្ជើញ​​ដោយ​ផ្ទាល់​​ពី​បង​ប្រុស​របស់​នាង​ផង​ដែរ​ ដែល​បាន​សុំ​ឲ្យ​លោក​ មូន ធ្វើ​ទស្សនកិច្ច​​ទៅ​កាន់​​កូរ៉េ​ខាង​ជើង។ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​អាមេរិក​លោក ជីម ម៉ាធីស បាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​ទៅថា វា​ពិត​​ជា​​​​ឆាប់​ពេក​ហើយ​​ដែល​​គេ​ត្រូវ​និយាយ​ប្រាប់​ថា បញ្ហា​ផ្នែក​ការទូត​រវាង​​កូរ៉េ​​ទាំង​ពីរ​បាន​ធូរស្រាល​មក​វិញ​ នៅ​ឯ​ការ​ប្រកួត​កីឡា​​អូឡាំពិក​រដូវរងា​​នោះ​ ប៉ុន្តែ​​សកម្មភាព​នេះ​វា​មិន​បាន​ធ្វើ​ឲ្យ​បែក​បាក់​ ដល់​ទំនាក់ទំនង​​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​សេអ៊ូល​ឡើយ៕​

អត្ថបទ៖ មករា