Chelsea ឡើង​មក​ឈរ Top 4 វិញ​ក្រោយ​យក​ឈ្នះ​ West Brom 3-0 យប់មិញ​

52

បាល់ទាត់៖ ​Chelsea ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​លោក Antonio Conte យក ៣ពិន្ទុ​បានសម្រេច​ក្នុង​ដី​របស់​ខ្លួន Stamford Bridge ក្រោយពី​បាន​យកឈ្នះ​ក្នុង​លទ្ធផល 3-0 កាលពី​ថ្ងៃ​ចន្ទ​យប់មិញ​នេះ។​​កីឡាករ​ខ្សែ​បំរើ​ប្រយុទ្ធ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​របស់ Chelsea សញ្ជាតិ​បែលហ្ស៊ិក Eden Hazard ជា​អ្នកធ្វើ​បានសម្រេច​គ្រាប់​ដំបូង​នៅ​នាទី​ទី25 ក្រោយពី​កា​រ​បញ្ជូន​បាល់​បាន​យ៉ាង​ល្អ​ពី​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Olivier Giroud អតីត​សមាជិក​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​បញ្ចប់​វគ្គ​ទី​១ បណ្ដោះអាសន្ន​លទ្ធផល​ម្ចាស់ផ្ទះ 1 ក្រុម​ភ្ញៀវ 0។​ ​ការប្រកួត​បន្ត​ក្នុង​វគ្គ​ទី២ ម្ចាស់ផ្ទះ Chelsea ដែល​ស្រែក​ឃ្លាន​ជ័យជំនះ​ក្រោយ​ចាញ់​ក្រុម AFC Bournemouth 3-0 នោះ​ក៏​សម្រេច​បាន​គ្រាប់​ទី២ របស់​ខ្លួន​ដោយ​ខ្សែ​បំរើ​ស្លាប Victor Moses នាទី​ទី៦៣ មុន​ពេល​ដែល​កីឡាករ​វ័យ ២៧ឆ្នាំ​រូប​នេះ​រក​គ្រាប់​ទី៣ ឲ្យ​ក្លឹប​នឹង​ជា​គ្រាប់​ទី២ របស់​គេ​ក្នុង​ការ​ប្រកួត​ដែល​លើក​នេះ​ជា​ការ​បញ្ជូន​បាល់​ដោយ​ខ្សែប្រយុទ្ធ​ប្ដូរ​ចូល Alvaro Morata នាទី​ទី៧១ ហើយ​លទ្ធផល​នេះ 3-0 ក៏​រក្សា​រហូតដល់​ចប់​ការប្រកួត​តែ​ម្ដង​។​

​​ឆ្លង​តាមរយៈ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​តោ​ខៀវ Chelsea បាន​ឡើង​មក​តំណែង Top 4 វិញ​ជាមួយ​នឹង 53ពិន្ទុដេញ​ពីក្រោយ Liverpool 1ពិន្ទុ​ឈរ​លេខ៣ នឹង​ចេញ ៣ពិន្ទុ​ពី​ក្រុម​ឈរ​លេខ២ ManU។​ ​ចំណែក​ឯ West Brom វិញ​បន្ត​ឈរ​បាត​តារាង​ប្រកួត ២៧សប្ដាហ៍​មាន ២០ពិន្ទុ​តែប៉ុណ្ណោះ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ