បើក​រថយន្ត Range Rover ឡើង​ជណ្ដើរ​នាគ 999កាំ​នៅ​លើ​ភ្នំ Tianmen ក្នុង​ប្រទេស​ចិន​

96

ប្រណាំង​រថយន្ត៖ នៅ​ព្រឹក​ព្រលឹម​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ ​កីឡាករ​ប្រណាំង​រថយន្ត Formula E ដែល​មាន​ឈ្មោះថា Ho-Pin Tung បានសម្រេច​ជោគជ័យ​ក្នុង​ការ​បើក​រថយន្ត​ម៉ាក Range Rover កាត់​ជណ្ដើរ​ឡើង​ភ្នំ Tianmen ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​ប្រទេស​ចិន ​ដែល​គេ​គ្រប់គ្នា​បាន​ស្គាល់​ថា​នេះ​ជា​ផ្លូវ​ឡើង​ឋាន​សួគ៌​របស់​សត្វ​នាគ។​​សមាជិក​នៃ​ក្រុម​ប្រណាំង​ឲ្យ​ក្រុម Jaguar Racing របស់​ក្រុមហ៊ុន Panasonic ដែល​មាន​វ័យ 35ឆ្នាំ Ho-Pin Tung សញ្ជាតិ​ចិន​រូប​នេះ​ បាន​ចាប់ផ្ដើម​ចេញ​ដំណើរ​មាន​ចម្ងាយ​ផ្លូវ 11.3គីឡូម៉ែត្រ​នៅ​ខេត្ត​ហួ​ណាន​មុន​ឈាន​ដល់​ផ្លូវ​ឡើង​ជណ្ដើរ​ភ្នំ​ដំបូង​។​ ​អ្នក​ប្រណាំង​រថយន្ត Pin Tung បាន​ជំនះ​ឧបសគ្គ​ជាមួយ​នឹង​ការ​បើក​ឡើង​កំពូលភ្នំ ពោល​បើ​រាប់​ចាប់ពី​កាំជណ្ដើរ​ដំបូង​ដល់​កំពូល​គឺ​មាន​ចំនួន 999កាំ​ដែល​ភ្នំ​មាន​កម្ពស់ 1,518ម៉ែត្រ​ជាមួយ​នឹង​ផ្លូវ​ឡើង​គួរ​ឲ្យ​ព្រឺព្រួច​ មាន​អាប់​តិចៗ​មើល​ទៅ​ពិតជា​រន្ធត់​លាយឡំ​នឹង​ភាព​អស្ចារ្យ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ខេត្ត​នេះ​មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​នៃ​សមត្ថភាព​បើក​រថយន្ត​កំពូល​មួយ​នេះ។

​​អ្វីៗ​ត្រូវ​បាន​បញ្ចប់​ត្រឹម​ដែល Pin Tung បាន​ចត​រថយន្ត Range Rover សេរី​ទំនើប​មួយ​នេះ​នៅ​លើ​កំពូលភ្នំ ហើយ​ខ្លួន​គេ​ក៏បាន​ដកដង្ហើម​ធំ​ក្រោយ​សម្រេច​ការងារ​ដ៏​អស្ចារ្យ​ក្នុង​ឆាក​ជីវិត ខណៈ​គេ​ជា​អ្នក​ប្រណាំង​ដំបូង​គេ​ហើយ ​ដែល​បាន​បើក​រថយន្ត​ឡើង​កាំជណ្ដើរ​ឡើង​ភ្នំ​ ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា​ជា​ជា​ផ្លូវ​ឡើង​ឋានសួគ៌​របស់​សត្វ​នាគ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ