ប្អូនស្រី​មេដឹកនាំ​​កូរ៉េខាងជើង​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​វិញ ក្រោយ​បំពេញ​ទស្សនកិច្ច​​នៅ​កូរ៉េខាងត្បូង​

78

កូរ៉េ​ខាង​ជើង៖ ​សារព័ត៌មានរដ្ឋកូរ៉េខាងជើង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​បង្ហាញ​ពីរូបភាពវីដេអូប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង និងមេដឹកនាំពិធីការរបស់​ប្រទេស​នេះ កំពុង​ធ្វើដំណើរមកដល់​ទីក្រុងព្យុងយ៉ាង​វិញ។​​លោកស្រី គីម យ៉ូ​ជុង ប្អូនស្រី​របស់លោក គីម ជុង​អ៊ុន និងគណៈប្រតិភូរបស់លោកស្រី រួម​ទាំងមេដឹកនាំ​ពិធីការ​លោក គីម​ យ៉ុង​ណា​ម ត្រូវ​បានទទួល​ស្វាគមន៍ដោយឆ្មាំកិត្តិយស និង​មន្ត្រី​ជាច្រើននៅ​អាកាសយានដ្ឋាន ​ក្រោយ​ដំណើរ​ត្រឡប់​មកដល់​របស់ពួកគេ នៅទីក្រុង​ព្យុងយ៉ាងកាល​ល្ងាចថ្ងៃអាទិត្យ​។​ ​ពួកគេ​បាន​ចំណាយ​ពេល​ ៣​ថ្ងៃក្នុង​ប្រទេស​កូរ៉េខាងត្បូង ​ក្នុង​នោះមានការ​ជួបជុំពិសា​អាហារ​ ជាមួយមន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ទស្សនា​ពិធី​បើក​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងា​ទីក្រុង​ព្យុង​ឆាង ​និង​អបអរសាទរ​ដល់​ក្រុមកីឡា​វាយ​កូន​បាល់​លើទឹកកក​ផ្នែក​នារី នៃ​ក្រុម​រួបរួម​កូរ៉េ​ទាំងពីរ​នៅអូឡាំពិក​នោះ។​

​​ដំណើរ​ទស្សនកិច្ចរបស់​លោក​ស្រី គីម បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុងប្រទេសកូរ៉េខាងត្បូង​ ប៉ុន្តែ​ក៏បាន​ជួប​នូវ​ការ​មន្ទិល​សង្ស័យ​ផង​ដែរ ​ជុំវិញឆន្ទៈ​របស់​កូរ៉េ​ខាងជើងក្នុង​ការ​បោះបង់ចោល បំណង​ស្វែងរកការអភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែររបស់ខ្លួន​។ កូរ៉េខាងជើង​ធ្លាប់​បាន​និយាយ​ថា ខ្លួន​នឹង​មិន​បោះបង់ចោល​ការ​បង្កើន ​ឥទ្ធិពល​អាវុធ​នុយក្លេអ៊ែររបស់​ខ្លួន​ឡើយ​ ហើយ​ក្រុម​អ្នក​រិះគន់​នៅកូរ៉េខាងត្បូងមើល​ឃើញ​ថា ការចូលរួមរបស់​កូរ៉េខាងជើងក្នុង​កីឡា​អូឡាំពិក​នេះ ជា​រង្វាន់​សម្រាប់​ឥរិយាបថ​គ្មាន​សីលធម៌​៕
អត្ថបទ៖ សុខ​មាន